ក្លឹបបាល់ទាត់របស់កម្ពុជា ចំនួន៣រួមមាន ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងវិសាខា គ្រោងនឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅប្រទេសថៃរៀងៗខ្លួននាដើមឆ្នាំ២០១៩ខាងមុខនេះ។

ក្លឹបបាល់ទាត់វិសាខា
ក្លឹបបាល់ទាត់វិសាខា

តាមគម្រោងក្លឹបបាល់ទាត់វិសាខាត្រូវបានដឹងថាចាកចេញមុនគេ ពោលគឺពីថ្ងៃទី៦ ដើមខែមករា ដោយគ្រោងនឹងចំណាយពេលប្រមាណ២សប្ដាហ៍នៅទីនោះ ជាមួយនឹងការហ្វឹកហាត់ បូលរួមជាមួយការប្រកួតមិត្យភាពកម្ដៅសាច់ដុំជាមួយក្រុមមួយចំនួននៅថៃផងដែរ។

ដោយឡែកសម្រាប់ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក៏មានដំណឹងអំពីការចេញទៅហ្វឹកហាត់ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅប្រទេសថៃដូចគ្នា ពោលគឺក្នុងរយៈពេល១សប្ដាហ៍ដោយគ្រោងចាកចេញនៅថ្ងៃទី៨ ខែមករាខាងមុខនេះ។

ក្លឹបបាល់ទាត់ណាហ្គាវើលដ៍
ក្លឹបបាល់ទាត់ណាហ្គាវើលដ៍

ងាកមកក្លឹបភ្នំពេញក្រោន វិញក៏នឹងត្រៀមទៅចូលរួមប្រកួតពានមិត្តភាពមួយផងដែរ នៅប្រទេសថៃ តាមរយៈការចូលរួមប្រកួតក្នុងពាន Leo Cup Pre-Season ដែលមានក្រុមជាច្រើនចូលរួមប្រកួត គ្រោងចាប់ផ្ដើមនៅពាក់កណ្ដាលខែមករា អាចនឹងក្នុងចន្លោះថ្ងៃទី៨ ឬក៏ថ្ងៃទី៩ ហើយបន្ទាប់ពីការប្រកួតក៏នឹងបន្តបោះជំរុំហ្វឹកហាត់បន្តទៀតផងដែរ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន
ក្លឹបបាល់ទាត់ភ្នំពេញក្រោន

គួរបញ្ជាក់ថា ដំណើររបស់ក្លឹបទាំង៣នៅក្នុងការចេញទៅបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពនៅប្រទេសថៃនេះ គឺដើម្បីជាការត្រៀមសម្រាប់រដូវកាលថ្មី២០១៩ នៃលីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន ខណៈដូចជាក្លឹបណាហ្គាវើល ក៏នឹងត្រូវត្រៀមក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី កម្រិតទី២ AFC Cup 2019 ដែលនឹងចាប់ផ្ដើមនៅចុងខែកុម្ភៈ ខាងមុខនេះផងដែរ៕