photo of  ក្លឹបវិសាខា
ក្លឹបបាល់ទាត់វិសាខា ទទួលយកយុវជនវ័យក្មេងបាទី៥រូប ជួយក្លឹបរដូវកាលក្រោយ

យុវជនវ័យក្មេងមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់បាទី៥រូប បានចូលរួមរស់ជាមួយក្លឹបចំណូលថ្មីវិសាខា។

បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសរំសាយកីឡាករ ១៦នាក់ ដែលស្នាក់នៅ រៀនសូត្រ និងហាត់បាល់ទាត់ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីនោះ ក្លឹប​បាល់​​ទាត់ចំណូលថ្មី ស្ថិតនៅលំដាប់ជួមុខ វិសាខាបានប្រកាសទទួលស្វាគមន៍យុវជន៥នាក់ ក្នុងចំណោមយុវជនខាងលើ រួមមាន កីឡាករ ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់។

ការនាំយកយុវជនសាលាបាល់ទាត់ជាតិបាទីខាងលើ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់វិសាខា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះពួកគេ ហើយសង្ឃឹមថា សមាជិកវ័យក្មេងទាំង ៥នាក់ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីពួតដៃជាមួយកីឡាកររាមច្បង ឆ្ពោះទៅសម្រេចផែនការ នារដូវកាលក្រោយៗ ពិសេសគឺការត្រៀមប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup តែម្ដង ។

បន្ថែមលើនេះ ពួកគេក៏បានប្ដេជ្ញាចិត្ត នឹងចាប់យកឱកាសនេះ ខិតខំហ្វឹកហាត់ ដកស្រង់បទពិសោធន៍ និងរៀនសូត្រពីរាមច្បងបន្ថែម ពិសេសអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនប្រឡូកអាជីពលើវាលស្មៅជាមួយក្លឹបអាជីពលើកដំបូងរបស់ខ្លួន ក៏ដូចជាការដុះខាតសមត្ថភាព ដើម្បីទាក់ចិត្តគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កីឡាករ ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់ បានរួមរស់ជាមួយសាលាបាល់ទាត់ជាតិបាទីអស់រយៈពេល ៥ឆ្នាំមកហើយ ។ តែក្រោយចប់កិច្ចសន្យាជាមួយមជ្ឈមណ្ឌល ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអង្គារ សហព័ន្ធបានប្រកាសរំសាយពួកគេ ហើយផ្ដល់ឱកាសឲ្យពួកគេ ជ្រើសរើសក្លឹបខ្លួនស្រលាញ់ពេញចិត្ត ដើម្បីបន្ដអាជីពរៀងៗខ្លួន ៕