ក្លឹប​ Paris Saint Germain ចាប់​អារម្មណ៍​ចង់​ទិញ​យក​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ពី​ក្លឹប​ Manchester United សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ 90 MIN នៅ​ក្នុង​ថ្ងៃ​នេះ​។

Cristiano Ronaldo
Cristiano Ronaldo

កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ទើប​តែ​ផ្លាស់​មក​ក្លឹប​ Man Utd វិញ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ប៉ុណ្ណោះ​ ដោយ​រំពឹង​​ថា​នឹង​មក​ជួយ​ឲ្យ​ឈ្នះ​ពាន​ឲ្យ​ច្រើន​ ក៏​ដូច​ជា​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ផង​ដែរ​។

យ៉ាង​ណា​ការ​រំពឹង​មួយ​នេះ​ហាក់​ខុស​ពី​ការ​ពិត​ Ronaldo ហាក់​បី​ដូច​ជា​នឹង​ពិបាក​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​គេ​ និង​ពិបាក​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ ដោយ​សារ​តែ​ទម្រង់​លេង​ជា​​ក្រុម​ Man Utd ហាក់​មិន​ទាន់​ត្រូវ​គ្នា​ ដោយ​មក​ទល់​នឹង​ពេល​នេះ​ក្នុង​រដូវកាល​នេះ​ បាន​ចូល​លេង​ឲ្យ​ក្លឹប​ បាន​ ២៧ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៥គ្រាប់​។

នៅ​ខណៈ​នេះ​ Ronaldo ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ថា​ មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ Ralf Rangnick ផង​ដែរ​ រី​ឯ​ Rangnick ក៏​មិន​ពេញ​ចិត្ត​នឹង​ Ronaldo ផង​ដែរ​ដោយ​យល់​ថា​គេ​ធ្លាក់​ជើង​ លេង​មិន​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​។

ដោយ​មើល​ឃើញ​បញ្ហា​ទាំង​នេះ​ បើ​តាម​ 90 MIN ក្លឹប​បារាំង​ PSG ក៏​ចាប់អារម្មណ៍​ចង់​បាន​ Ronaldo ព្រោះ​តែ​នៅតែជឿជាក់​ Ronaldo នឹង​ជួយ​ក្លឹប​ឲ្យ​រក​គ្រាប់​បាល់​បាន​ច្រើន​ និង​ឈ្នះ​ពាន​បាន​ច្រើន​៕