ក្លឹបបាល់ទាត់ Terengganu ឡើងទៅពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន Malaysia Cup
ក្លឹបបាល់ទាត់ Terengganu ដែលមានវត្តមានកីឡាករកម្ពុជា ធារី ចន្ថាប៊ីន បានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Malaysia Cup បន្ទាប់ពីយកឈ្នះក្លឹប Felda United នៅវគ្គ៨ក្រុមចុងក្រោយ ទាំងពីរជើង ដោយលទ្ធផលសរុប ៦-៤ នាពេលកន្លងទៅ។

Terengganu នឹងត្រូវឡើងទៅប៉ះក្រុមខ្លាំង Johor Darul Ta’zim (JDT) ដែលបានយកឈ្នះក្លឹប Pahang ដោយលទ្ធផលសរុបទាំងពីរជើង ៣-១។ ជើងទីមួយនៃការប្រកួតរវាង Terengganu ទល់នឹង JDT នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩ យប់នៅម៉ាឡេស៊ី (ត្រូវនឹងម៉ោង ៨យប់នៅកម្ពុជា)។
សូមជម្រាបថា ក្នុងរដូវកាលនេះ ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន២លើក នៅលីគកំពូលម៉ាឡេស៊ី ដោយ Terengganu មិនធ្លាប់ស្មើ ឬឈ្នះ JDT ឡើយ។ ក្នុងនោះចាញ់ទាំងពីរលើក ក្នុងលទ្ធផល ២-០ និង ១-០។

Terengganu បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម១២ក្រុម ស្របពេលដែល JDT ជាជើងឯកលីគកំពូលម៉ាឡេស៊ី ក្នុងរដូវកាលនេះ។ ដោយឡែក ១គូទៀត គឺជាការប៉ះគ្នារវាងក្លឹប Perak ជាមួយ Sabah នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ៕