កីឡាករ​ Lionel Messi ត្រូវ​បាន​អ្នកគាំទ្រ​​កោត​សរសើរ និង​ចាត់ទុក​ថាជា​កីឡាករ​មួយ​រូប​ក្នុងចំណោម​កីឡាករ​បាល់ទាត់​ដែល​ឆ្នើមបំផុត។ មិន​ត្រឹម​តែ​អ្នកគាំទ្រ​កីឡា​បាល់ទាត់ប៉ុណ្ណោះទេ សូម្បី​តែក្លឹប​បាល់ទាត់​​ក៏​ធ្លាប់បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​កីឡាករ​រូបនេះ​ដែរ

photo of Lionel Messi
Lionel Messi

ក្លឹប Bayern Munich បាន​រៀបចំទី​តាំង​តូច​មួយ​នៃ​កីឡដ្ឋាន​ Allianz Arena របស់​ខ្លួន​ដើម្បីជាការ​គោរព​ដល់​​កីឡាករ​រូបនេះ។ រឿង​រ៉ាវ​ដែល​នាំ​ឱ្យ​ក្លឹប Bayern Munich សម្រេច​ចិត្ត​ធ្វើដូចនេះ​មាន​ប្រវត្តិ​តាំងពីឆ្នាំ​២០១២ ពេល​ដែល​ Messi បាន​បំបែក​កំណត់ត្រា​រក​បាន​គ្រាប់បាល់ ៨៥គ្រាប់​ក្នុងពេល ១ឆ្នាំ​របស់​តារា​បាល់ទាត់ Gerd Muller របស់​ក្លឹប Bayern Munich។

នៅឆ្នាំ​នោះ Messi រក​បាន​គ្រាប់បាល់ ៩១គ្រាប់ ហើយគេ​បាន​ប្រគល់​អាវ​មួយ​ទៅឱ្យ​លោក Muller ក្រោយពេល​ដែល​គេ​បាន​បំបែក​កំណត់ត្រា​របស់គាត់​ ដែល​នៅលើអាវ​នោះ​មានសរសេរថា៖ “ជូន​ចំពោះ​លោក Gerd Müller / ដោយការគោរព​ និង​កោតសរសើរ​ពីខ្ញុំ / ការឱប​ដ៏ស្និទ្ធស្នាល​មួយ​”

ជាមួយនឹង​អាវនោះ ក៏​មាន​ភ្ជាប់ជាមួយ​នូវ​លិខិត​មួយ​ច្បាប់​របស់​ប្រធាន​ក្លឹប​ Barcelona គឺ​លោក Sandro Rosell ផងដែរ ដែល​មានសេចក្ដីថា៖ “ការគោរព​ និង​កោតសរសើរ​​ដែល Barcelona និងអ្នកគាំទ្រ​មាន​ចំពោះ​ក្លឹប Bayern Munich និង​អ្នកគាំទ្រ​របស់ពួកគេ​ត្រូវ​បានបង្ហាញ​ជាថ្មី​ម្ដងទៀតតាម​រយៈ​ចំណងទាក់ទង​រវាង​កីឡាករ​បាល់ទាត់​ទាំងពីរ​រូបនេះ ដែល​បាន​ក្លាយជា​វិរបុរស​កីឡា​របស់​ក្លឹប​យើង”។

លោក Muller បាន​ប្រគល់​អាវ​នោះ​ឱ្យ​ទៅ​ក្លឹប Bayern Munich ហើយ​ក្លឹប​នេះ​បាន​រៀបចំទីតាំង​តូច​មួយ​នៃកីឡដ្ឋានរបស់ខ្លួន​​តម្កល់​ទុក​អាវ​នោះ​ជាការគោរព​ចំពោះ Messi ជាការ​ចងចាំ​តែមួយគត់​ដែល​មិនពាក់ព័ន្ធនឹង​ក្លឹប​អាល្លឺម៉ង់​នេះ​ទាល់តែសោះ៕