នៅ​ក្នុង​ថ្ងៃ​នេះ​ Maurizio Arrivabene នាយក​ប្រតិបត្តិ​ក្លឹប​ Juventus បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​ហើយ​ថា​ ក្លឹប​លោក​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ Paulo Dybala នោះ​ទេ​ខណៈ​ដែរ​កុងត្រា​រវាង​កីឡាករ​នេះ​ និង​ក្លឹប​នេះ​នឹង​បញ្ចប់​នៅ​រដូវកាល​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​កំពូល​អ្នក​កាសែត​អ៊ីតាលី​ Fabrizio Romano ។

Paulo Dybala នឹង Dusan Vlahovic
Paulo Dybala នឹង Dusan Vlahovic

ទាក់​ទង​នឹង​បញ្ហា​មិន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Dybala លោក​ Arrivabene បាន​បកស្រាយ​ទៅ​កាន់​អ្នកកាសែត​ផង​ដែរ​ថា​ ដោយ​សារ​តែ​ការ​​មក​ដល់​របស់​ខ្សែប្រយុទ្ធ​ Dusan Vlahovic មក​កាន់​ក្លឹប​លោក​កាល​ពី​ខែ​មករា ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ Juventus សម្រេច​ប្ដូរ​គម្រោង​ដោយ​ Dybala លែង​ស្ថិត​នៅ​ក្នុង​ផែនការ​ចម្បង​សម្រាប់​ក្លឹប​លោក​ទៀត​ហើយ​។​

តាម​ពិត​ទៅ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​ Juventus ធ្លាប់​បាន​ចរចា​ផ្ដល់​​កុងត្រា​ថ្មី​ទៅ​ Dybala ក្នុង​រយៈពេល​វែង​រហូត​ដល់​ឆ្នាំ​២០២៦ ដោយ​ឲ្យ​ជួយ​កាត់​ប្រាក់​ពលកម្ម​ យ៉ាង​នៅ​ពេល​នេះ​ក្លឹប​អ៊ីតាលី​នេះ​សម្រេច​ហើយ​ដោយ​មិន​បន្ត​កុងត្រា​ជា​មួយ​​ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​នេះ​នឹង​ចាក​ចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។

Dybala បាន​មក​លេង​ឲ្យ​ Juventus នេះ​ ៧ឆ្នាំ​ហើយ​ ដោយ​ចូល​លេង​បាន​ ២៨៣ប្រកួត​ និង​ស៊ុត​ចូល​បាន​ ១១៣គ្រាប់​។

រី​ឯ​ Vlahovic ដែល​ទើប​ផ្លាស់​មក​កាន់​ Juventus នេះ​ចូល​លេង​បាន​ ១១ប្រកួត​ និង​រក​បាន​ ៥គ្រាប់​ហើយ​៕