ក្លឹប Liverpool សម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Minamino តម្លៃ ១៧លានផោន
ក្លឹប Liverpool បានសម្រេចចិត្តដាក់ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino លក់ក្នុងទីផ្សារដោះដូរនៅរដូវក្ដៅនេះ ដោយកំណត់តម្លៃខ្លួន១៧លានផោន។

កីឡាករវ័យ២៧ឆ្នាំគឺតួសំខាន់ជួយហង្សក្រហមឈ្នះពាន FA Cup និង League Cup កាលពីរដូវកាលមុន ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្រុម។ ប៉ុន្តែគេបានបង្ហាញខ្លួនបានតែ១១ប្រកួតគត់នៅ Premier League និងរកបាន៣គ្រាប់សម្រាប់ក្រុមលោក Jurgen Klopp កាលពីរដូវកាល២០២១-២២។
ដោយសារតែមិនស្ថិតជាជម្រើស Minamino ទំនងជាចង់ចាកចេញពី Anfield ដើម្បីស្វែងរកឱកាសបានលេងច្រើនជាងនេះ។ ក្លឹបនៅអង់គ្លេស៤រួមមាន Wolves, Fulham, Southampton និង Leeds United កំពុងចាប់អារម្មណ៍លើ Minamino។ ជាមួយគ្នានេះក្លឹប Monaco ក៏កំពុងសម្លឹងឃើញកីឡាករអាស៊ីរូបនេះដូចគ្នា។
លោក Jurgen Klopp ធ្លាប់បាននិយាយថា Minamino និង Divock Origi គួរតែផ្លាស់ប្ដូរស្វែងរកក្លឹបថ្មីដើម្បីមានឱកាសលេងជាងនេះ។ Liverpool ពេលនេះបានកំណត់តម្លៃខ្លួនកីឡាករសញ្ជាតិជប៉ុន១៧លានផោនសម្រាប់ក្លឹបណាដែលចង់បាន៕