ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកអចិន្ត្រៃយ៍សម្រាប់ក្រុមធំក្នុងការត្រៀមរដូវកាលថ្មីនេះ។

photo of ស៊ុំ វណ្ណា
លោក ស៊ុំ វណ្ណា

លោក ស៊ុំ វណ្ណា បានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលពីរដូវកាល២០១៩ ក្នុងនាមជាជំនួយការគ្រូបង្វឹក និងបានប្រកាសតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino ដែលត្រូវបានក្លឹបសម្រេចចែកផ្លូវកាលពីខែឧសភា។ ខណៈប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នលោកបានដឹកនាំ ភ្នំពេញក្រោន ទទួលបានជ័យជម្នះ៣ទល់០ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៩។

ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នពេញមួយរដូវកាល២០១៩ លោក ស៊ុំ វណ្ណា បានដឹកនាំក្រុមចំនួន២៥ប្រកួត ឈ្នះ១៦ ស្មើ៤ និង៥ គ្រប់ការប្រកួតពានរង្វាន់ទាំងអស់(លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន)។

គ្រូបង្វឹកវ័យ៣៩ឆ្នាំរូបនេះ បានសាងស្នាដៃនារដូវកាលដំបូងដោយជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ៣នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងបញ្ចប់ចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលកម្ពុជា៕