ក្លឹប Barcelona សម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa
ក្លឹប Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa។

កាលពីខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Aston Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាពល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Aston Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង។
ក្រោយពីមានការពិភាក្សាគ្នាជាមួយ Barcelona ក្លឹប Aston Villa បានទិញកីឡាករសញ្ជាតិប្រេស៊ីលក្នុងតម្លៃត្រឹមតែ១៧លានផោន ជាមួយកុងត្រាដល់ឆ្នាំ២០២៦។ Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Aston Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន៕