បន្ទាប់ពីបានប្រកាស អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R នៅរដូវកាល ២០២០ ខាងមុខ ក្លឹបគ្រោងនឹងធ្វើពិធីបង្ហាញមុខបុរសវ័យ ៣៤ឆ្នាំរូបនេះ នៅចំពោះមុខអ្នកគាំទ្រ នៅចុងសប្ដាហ៍នេះផងដែរ។

photo of Keisuke Honda
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda

យោងតាមការបញ្ជាក់ដោយក្លឹប Botafogo គឺគ្រោងនឹងធ្វើពិធីបង្ហាញមុខ Keisuke Honda ជាមួយនឹងលេខអាវ លេខ៤ របស់លោកជាផ្លូវការនៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នាកីឡដ្ឋានផ្ទាល់របស់ខ្លួន Estadio Olimpico Nilton Santos ដែលអាចផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់ ខណៈនៅថ្ងៃសុក្រ ស្អែកលោកនឹងចាកចេញទៅកាន់ប្រទេសប្រេស៊ីលផងដែរ។

នៅមុនធ្វើពិធីបង្ហាញមុខ Botafogo F.R ក៏នឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់មកទើបចេញទៅបង្ហាញខ្លួននៅលើទីលាននៃកីឡដ្ឋាន ចំពោះមុខអ្នកគាំទ្រ ដែលរំពឹងថានឹងមានការចូលរួមច្រើននៅថ្ងៃនោះផងដែរ។

កីឡដ្ឋាន Estadio Olimpico Nilton Santos

សូមបញ្ជាក់ថា ការចូលរួមរបស់ Keisuke Honda ជាមួយ Botafogo នេះផងដែរត្រូវបានចាត់ទុកថាជាក្លឹបទី៨ ដែលលោកបាននឹងកំពុងប្រកបអាជីពជាមួយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់លក់នៅលើទីផ្សារ។

គួររំលឹកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះបានសម្រេចចាកចេញពីក្លឹបនេះវិញ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់លោកគិតថាពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបឲ្យទទួលបានលទ្ធផលល្អបាន មុននឹងលោកសម្រេចចិត្តមកបន្តរួមរស់ជាមួយក្លឹបនៅប្រេស៊ីល នេះ៕