Photo of Luigi Di Biagio
Luigi Di Biagio​ coach of Italy

លោក Luigi Di Biagio ត្រូវ​បាន​សហព័ន្ធ​បាល់​ទាត់​អ៊ីតាលី តែង​តាំង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បណ្ដោះ​អាសន្ន ក្នុង​ការ​ដឹកនាំ​ក្រុម​សម្រាប់​ការ​ប្រកួត​មិត្តភាព​ចំនួន​ ២ ដែល​ធ្វើ​ឡើង​នា​ខែ​មីនា​ខាង​មុខ។

 មុន​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ឈុត​ធំ​នៃ​ជម្រើស​ជាតិ​អ៊ីតាលី​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​នេះ លោក Di Biagio ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​ឈុត​ U21 របស់​ប្រទេស​អឺរ៉ុប​មួយ​នេះ ជាង ៥​ឆ្នាំ (២០១៣-បច្ចុប្បន្ន) និង កាន់ U20 រយៈ​ពេល​ ២​ឆ្នាំ (២០១១-២០១៣)។

គ្រូ​បង្វឹក​វ័យ ៤៦​ឆ្នាំ​រូប​នេះ នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ អាហ្សង់ទីន និង អង់គ្លេស នៅ​ខែ​មីនា​ខាង​មុខ។

មុន​ការ​តែង​តាំង​នេះ ជម្រើស​ជាតិ​អ៊ីតាលី​មិន​មាន​គ្រូ​បង្វឹក​ជាង​ ៣​ខែ​ហើយ ពោលគឺចាប់តាំង​ពី​គ្រូ​ចាស់ Gian Piero Ventura ត្រូវ​បាន​សហព័ន្ធ​បណ្ដេញ​ចេញពីតួនាទី ក្រោយ​ពី​បរាជ័យ​ក្នុង​ការដឹកនាំ​ក្រុមឲ្យ​ឡើង​ទៅ​លេង World Cup ឆ្នាំ ២០១៨ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ៕

ប្រភព៖ goal