ក្លឹប Liverpool បាន​​បដិសេធ​សំណើ​៣០​លាន​ផោន​របស់ Bayern Munich ក្នុង​ការ​តាម​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ Sadio Mane។

Sadio Mane
Sadio Mane

នេះ​គឺ​ជា​លើក​ទី​ពីរ​​ហើយ​ដែល Bayern ដាក់​សំណើ បន្ទាប់​សំណើ​លើក​ទីមួយ​​២៥​លាន​ផោន​​ត្រូវ​ហង្សក្រហម​ច្រាន​ចោល។ Liverpool ចង់​បាន​តម្លៃ​ខ្លួន​របស់​ Mane ដល់​ទៅ​៤២,៨​លាន​ផោន ដូច​ទៅ​នឹង​តម្លៃ​ខ្លួន​របស់ Robert Lewandowski ដែល​ Bayern ទាមទារ​ចង់​លក់​ឲ្យ Barcelona។

ទាំង​ Mane និង Lewandowski សុទ្ធតែ​សល់​កុងត្រា​មួយ​ឆ្នាំ​ដូច​​គ្នា​ក្នុង​ក្លឹប​​របស់​ពួក​គេ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​ចង់​ផ្លាស់​ទៅ Barcelona ក្រោយ​​ចំណាយ​ពេល​មួយ​ទសវត្សរ៍​​ជាមួយ Bayern។ ចំណែក​ឯក Mane វិញ​គោលដៅ​របស់​គេ​ខាង​មុខ​គឺ Bayern ក្រោយ​ប្រកាស​ចង់​ចាកចេញ​ពី Liverpool ដើម្បី​ស្វែង​រក​បទពិសោធន៍​ថ្មី។

កីឡាករ​សញ្ជាតិ​សេណេហ្គាល់​​រក​​បាន​១២០​គ្រាប់​ឲ្យ Liverpool ចាប់​តាំង​​ផ្ទេរ​ចេញ​ពី​ក្លឹប Southampton កាល​ពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​​ខ្លួន​៣៦​លាន​ផោន។​ គេ​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន Champions League កាល​ពី​ឆ្នាំ​២០១៩ និង​ Premier League ឆ្នាំ​២០២០៕