ក្លិប Manchester City ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែបម្រើវ័យក្មេង Pablo Gavi ដែលប្រៀបដូចជាគ្រាប់ពេជ្ររបស់ក្រុម Barcelona ។

Pablo Gavi
Pablo Gavi

កីឡាករវ័យត្រឹមតែ ១៧ឆ្នាំរូបនេះបានក្លាយជាតារាឆ្នើមជួរមុខម្នាក់របស់ភាគីលោក Xavi Hernandez បន្ទាប់ពីត្រូវកោះហៅឲ្យចូលលេងនៅឈុតធំកាលឆ្នាំ២០២១ ហើយមិនត្រឹមតែប៉ុណ្ណោះ Gavi ក៏ត្រូវក្រុមគោជល់អេស្ប៉ាញកោះហៅទៀតផង។

សារព័ត៌មាន El Nacional បានចុះផ្សាយថា ភាគីលោក Pep Guardiola ពិតជាស្រឡាញ់និងចង់បាន Gavi ណាស់ដោយហ៊ានឲ្យថ្លៃដល់ទៅជាង ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥៦.៨លានដុល្លារ)ខណៈដែល Barcelona ចង់ស្វះស្វែងបន្តកុងត្រាថ្មីចងជើងកីឡាករឆ្នើមរូបនេះដោយគ្រោងនឹងដាក់តម្លៃផ្ដាច់កុងត្រាចំនួន១ពាន់លានដូច Ansu Fati និង Pedri Gonzalez ដែរ។

យ៉ាងណាមិញ Barca មិនទាន់អាចចុះឈ្មោះខ្សែប្រយុទ្ធ Ferran Torres ដែលទើបទិញពី Manchester City នោះឡើយដោយសារប្រាក់ខែកីឡាករបានខិតឡើងដល់ចំនួនអតិបរមាដែល La Liga បានកំណត់ដូច្នេះស្របពេលការចាកចេញរបស់ Philippe Coutinho ទៅខ្ចីជើងនៅ Aston Villa គឺ Barca ត្រូវការឲ្យកីឡាករម្នាក់ឬពីរនាក់ទៀតចាកចេញ ប៉ុន្តែ Gavi ទំនងជាមិនចង់ចាកចេញពី Barcelona ឡើយ។

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Pablo Gavi បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៥ ដោយបានឡើងមកលេងនៅឈុត B នាឆ្នាំ២០២១ មុននឹងឡើងមកលេងនៅឈុតធំក្នុងឆ្នាំតែមួយតែម្ដង៕