ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការនាំយកអ្នកចាំទី Lazio កីឡាករ Thomas Strakosha មករួមហើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Thomas Strakosha
Thomas Strakosha

ជាការពិតណាស់ Man Utd ចាំបាច់ត្រូវតែស្វែងរកអ្នកចាំទីថ្មីម្នាក់ដើម្បីមកធ្វើការប្រកួតប្រជែងជាមួយ David De Gea ឬ ជំនួសក្នុងពេលវេលាណាមួយដែលរូបគេមានបញ្ហារបួស បន្ទាប់ពីថ្មីៗនេះ អ្នកចាំទីដៃទីពីរ Dean Henderson ទើបតែបានចែកផ្លូវគ្នាជាមួយក្រុមបិសាចក្រហម ដើម្បីផ្លាស់ទៅកាន់ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

បើយោងទៅតាមកាសែតកីឡា Talk Sport បានលើកឡើងថា Man Utd កាន់តែកៀកនឹងនាំយក Strakosha មករួមក្រុមហើយដើម្បីជំនួសតំណែងនៃការចាកចេញរបស់ Henderson ខណៈ រូបគេនឹងមិនមានតម្លៃខ្លួនឡើយ បន្ទាប់ពីកុងត្រារបស់គេជាមួយ Lazio បានអស់សុពលភាពនៅក្នុងរដូវកាលក្តៅនេះ៕