ក្លឹប Manchester United ខិត​ជិត​​​​ដល់​ការ​ចុះ​កុងត្រា​​​ដំបូង​របស់​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ​ជាមួយ​កីឡាករ Antony ផ្ទេរ​ពី​​ក្លឹប Ajax ជាមួយ​តម្លៃ​ខ្លួន​៤០​លាន​ផោន។

Antony
Antony

ប្រភព​ពី Sunsport ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់ Man United នឹង​ទៅ​ទីក្រុង Amsterdam ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​​ជាមួយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Antony។ លោក Erik ten Hag ចង់​បាន​អតីត​កីឡាករ​​របស់​ខ្លួន​​ដើម្បី​មក​ជួយ​កសាង​ Man United ឡើង​វិញ ត្រៀម​ប្រកួតប្រជែង​នៅ Premier League។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​​កាល​ពី​រដូវ​កាល​មុន​ រក​បាន​១២​គ្រាប់​និង​ Assist ១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៣​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Ajax។​ Antony ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​​ពី​អតីត​អ្នក​ចាត់​ការ​របស់​ខ្លួន​លោក Ten Hag ដែល​ទើប​តែ​ផ្លាស់​មក​ដឹក​នាំ​នៅ​បិសាច​ក្រហម។

ក្នុង​សារ​លា​គ្នា​​ទៅ​កាន់​លោក Ten Hag បន្ទាប់​ពី​ចាកចេញ​​ពី​ក្លឹប Ajax កីឡាករ Antony បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា៖ “ខ្ញុំ​ចង់​អរគុណ​ទៅ​កាន់​លោក​គ្រូ​សម្រាប់​រឿង​គ្រប់​យ៉ាង​ដែល​អ្នក​បង្រៀន​ខ្ញុំ។ ហើយ​ខ្ញុំ​នឹង​នៅ​ជាមួយ​អ្នក​ជានិច្ច​ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ខ្ញុំ​”។ ​ Man United ត្រូវ​ការ​កីឡាករ​ចំណូល​ថ្មី​យ៉ាង​តិច​៥​នាក់​​ដើម្បី​ពង្រឹង​ក្រុម​ឡើង​វិញ​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ធំ​ៗ​ក្នុង​លីគ៕