ក្លិប Manchester United ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់គោលដៅចង់ចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេង Alexander Isak នៅរដូវក្តៅខាងមុខ ហើយគាត់ត្រូវបានគេចាត់ទុកថា នឹងក្លាយជាអ្នកជំនួសតំណែងរបស់ Cristiano Ronaldo។

Alexander Isak
Alexander Isak

ជាការពិតណាស់ នៅទីផ្សារដោះដូរកីឡាករខែ មករា នេះ Man UTD មិនបានចុះកុងត្រាលើកីឡាករណាម្នាក់ទេ ដូច្នេះនៅចុងបញ្ចប់រដូវកាលនេះ នឹងក្លាយជារដូវកាលដ៏ក្តៅគគក់មួយសម្រាប់ពួកគេក្នុងការនាំយកកីឡាករថ្មីមកកាន់ទឹកដី Old Trafford ក្រោមការដឹកនាំរបស់លោក Ralf Rangnick។

យោងតាមការចុះផ្សាយរបស់កាសែត The Mirror បានឱ្យដឹងថា Man UTD កំពុងសម្លឹងឃើញ Isak ខ្សែប្រយុទ្ធរបស់ក្រុម Real Sociedad ដែលធ្លាប់មានទំនាក់ទំនងផ្សារភ្ជាប់ទៅកាន់ Arsenal កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះប្រហែលជាមិនមានតម្លៃផ្ទេរថោកនោះទេ ដោយប្រភពខាងលើបានបញ្ជាក់ថាតម្លៃខ្លួនរបស់គាត់មានរហូតដល់ទៅ ៧៥ លានផោន ឬប្រមាណជា (១០១ លានដុល្លាអាមេរិក) ឯណោះ៕