Neymar
Neymar

ក្រោយ​ពេល​ដែល​អ្នកគាំទ្រ​​ក្លឹប PSG សរសេរ​បដារ​ប្រើពាក្យសម្ដី​មិន​សមរម្យ​វាយ​ប្រហារ​លើ Neymar មក ក្លឹប Paris Saint-Germain ត្រូវទទួល​ពិន័យ។

ក្លឹប Paris Saint-Germain ត្រូវ​ពិន័យ​ ២ ០០០អឺរ៉ូក្រោយ​ពេល​ដែល​អ្នក​គាំទ្រ​បាន​សរសេរ​បដារ​ប្រើពាក្យ​មិនសមរម្យ​វាយ​ប្រហារ​លើ Neymar ក្នុង​ការ​ប្រកួត​លីគ​កំពូល​បារាំង​​ដែល PSG ឈ្នះ​ក្លឹប Nimes។

Neymar ដែល​មាន​វ័យ ២៧ឆ្នាំ​បាន​ក្លាយជា​គោល​ដៅ​វាយ​ប្រហារ​របស់​អ្នកគាំទ្រ​ក្នុងអំឡុង​ពេល​ប្រកួត​ដែល​ PSG ឈ្នះ​ក្លឹប Nimes ក្នុងលទ្ធផល ៣ទល់​នឹង​សូន្យ​នៅ​ទឹកដី Parc des Princes កាលពីថ្ងៃទី១១ ខែសីហា ពេល​ដែល​ Neymar នៅ​មានព័ត៌​មាន​ចចាមអារ៉ាម​ក្ដៅ​គគុក​​ពាក់​ព័ន្ធ​នឹង​ការ​ចាកចេញ​ពី​ក្លឹប PSG នៅ​ឡើយ។

Neymar
អ្នក​គាំទ្រ​បាន​សរសេរ​បដារ​ប្រើពាក្យ​មិនសមរម្យ​វាយ​ប្រហារ​លើ Neymar

បដារ​មួយ​បាន​ជំរុញ​ឱ្យ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​ចាកចេញ​ពី​ក្លឹប PSG ខណៈ​ដែល​បដារ​មួយ​ទៀត​​បានសម្ដែង​ការ​មិនពេញចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​កីឡាករ​រូបនេះ។

គណកម្មការ​វិន័យ​នៃ​សម្ព័ន្ធ​កីឡាករ​បាល់ទាត់អាជីព (Ligue de Football Professionnel Disciplinary Committee) បាន​ប្រកាស​ដាក់ពិន័យ​លើ​ក្លឹប PSG កាល​ពីថ្ងៃពុធ​ម្សិល​មិញ​នេះ។

ផ្នែក​មួយ​នៃ​សេចក្ដី​ថ្លែងការ​របស់​ស្ថាប័ន​ខាង​លើ​បាន​សរសេរថា៖ “អាកប្បកិរិយា​របស់​អ្នកគាំទ្រ​ក្លឹប Paris Saint-Germain ការ​ប្រើកាំជ្រួច​ និង​បដារ​ដែល​មាន​ពាក្យ​សម្ដី​មិនសមរម្យ។ ក្លឹប Paris Saint-Germain ត្រូវ​ពិន័យ​ជាប្រាក់ ២ ០០០អឺរ៉ូ”។

Neymar នៅ​មិនទាន់​បានចូលលេង​ឱ្យ​ក្លឹប PSG ក្នុង​រដូវកាលថ្មី​នេះ​នៅឡើយទេ ក្នុងខណៈពេល​ដែល​គេ​មានព័ត៌​មាន​ថា​នឹង​វិល​ត្រឡប់​ទៅ​លេង​នៅ​ក្លឹប Barcelona ឬអាច​នឹង​ចូលរួមជាមួយ​ក្លឹប Real Madrid ដែល​ព័ត៌​មានទាំងនេះ​ហាក់ដូចជា​មិនទាន់សាបរលាប​នៅឡើយទេ ខណៈ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​នឹងបិទ​នៅ​ថ្ងៃទី២ ខែកញ្ញា​ខាងមុខ​នេះ​ហើយ។