ប្រធានក្លិបលោក Ronaldo Nazario កំពុងមានក្តីស្រមៃចង់នាំយកទាំង Marcelo និង Dani Alves ទៅលេងនៅ Real Valladolid នារដូវក្តៅនេះដោយគ្មានតម្លៃខ្លួននេះបើតាមរបាយការណ៍នៅបរទេស។

Marcelo និង Dani Alves
Marcelo និង Dani Alves

ជាការពិតណាស់ កីឡាករប្រេស៊ីលទាំង ២ ទាំង Marcelo និង Alves សុទ្ធតែបានចែកផ្លូវជាមួយក្លិបរបស់ពួកគេរៀងៗខ្លួននៅរដូវកាលនេះ ក្នុងនោះ Marcelo បានចាកចេញពី Real Madrid ក្រោយរួមរស់បាន ១៥ រដូវកាល, ចំណែក Alves បានចាកចេញពី Barcelona ក្រោយចូលរួមបាន ១ រដូវកាល បន្ទាប់ពីត្រឡប់មកវិញជាលើកទី ២។

យោងតាមសារព័ត៌មានប្រេស៊ីល Outlet Uol Esporte បានឱ្យដឹងថា Ronaldo កំពុងដាក់គោលដៅចង់បានខ្សែការពារស្លាបឆ្វេង-ស្តាំទាំង ២ ដើម្បីមកជួយពង្រឹងក្រុមនៅរដូវកាលក្រោយ ក្រោយពួកគេទទួលបានកៅអីឡើងពីលីគទី ២ មកលេងលីគទី ១នៃក្របខណ្ឌ La Liga វិញ។

យ៉ាងណាមិញ ប្រភពដដែលបានបន្ថែមថា ការចង់ចុះកុងត្រាយកអ្នកទាំង ២ ក៏មិនមែនជារឿងងាយស្រួលដែរ ប៉ុន្តែក្លិបនឹងប្រឹងប្រែងដើម្បីអាចទទួលបានឱកាសនេះ, ខណៈបច្ចុប្បន្នខ្សែការពារទាំង ២ កំពុងស្វែងរកក្លិបលេងជាចាំបាច់ ដើម្បីអាចមានឱកាសលេងតំណាងឱ្យជម្រើសជាតិ ប្រេស៊ីលនៅ World Cup ២០២២ ខាងមុខ៕