photo of Malaysia Cup
ក្លឹប Terengganu ត្រូវ​​ប្រកួត​ជាមួយ​ក្លឹប Perak ប្រជែង​យក​ជើងឯក Malaysia Cup យប់​នេះ

ម៉ោង ៨យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​នេះ ក្លឹប Terengganu និង Perak នឹង​ត្រូវ​​តទល់​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ប្រជែង​ពាន Malaysia Cup 2018។

photo of ធារី ចន្ថាប៊ីន
កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន

Terengganu ដែល​ជា​ក្លឹប​របស់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន ​ធ្លាប់​ប៉ះ​គ្នា​២​ដង​រួច​មក​ហើយ​ជាមួយ​ក្លឹប Perak ក្នុង​​វគ្គ​សន្សំ​ពិន្ទុ​ព្រោះ​​ពួក​គេ​នៅ​ពូល​ជាមួយ​គ្នា កាល​នោះ​ឈ្នះ​ម្នាក់​ម្ដង។ Terengganu បានយកឈ្នះ Perak ដោយលទ្ធផល ៤-៣ នៅក្នុងការជួបគ្នាជើងទី១ វគ្គសន្សំពិន្ទុ Malaysia Cup 2018 ។ ក៏ប៉ុន្តែជើងទី២ Perak បានសងសឹង Terengganu វិញ ដោយ​យក​ឈ្នះ​ក្នុងលទ្ធផល ២-១។

photo of Terengganu
ក្លឹប Terengganu

ក្នុង​លីគ​កំពូល​​ម៉ាឡេស៊ី​ឆ្នាំ​​២០១៨ ក្រុម​ទាំង​ពីរ​​ក៏​បាន​ជួប​២​ដង​រួច​មក​ហើយ លទ្ធផល​ក៏​មាន​ខុស​គ្នា​គឺ​ឈ្នះ​ម្នាក់​ម្ដង។ ជារួម ឆ្លងកាត់៤ប្រកួតចុងក្រោយរវាង Terengganu ទល់នឹង Perak បង្ហាញថា ក្រុមទាំងពីរ មានសមត្ថភាពប្រហាក់ប្រហែលគ្នា។ បញ្ជាក់ថា Terengganu ធ្លាប់​ជា​ជើង​ឯក Malaysia Cup ​១​លើក និង​រង​ជើង​ឯក​៤​លើក ខណៈ Perak ធ្លាប់ឈ្នះពានរង្វាន់នេះ ៧លើក​រួច​មក​ហើយ៕ ​