ខុសពី Keoman លោក Xavi ប្ដូរយុទ្ធសាស្ត្របែបនេះដើម្បីសងសឹក Bayern
អ្នកចាត់ការ Xavi Hernandez បានផ្លាស់ប្ដូរការត្រៀមខ្លួនរបស់ Barcelona មុនការប្រកួតសំខាន់ជាមួយ Bayern Munich នៅថ្ងៃពុធស្អែក។

Barca ត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ហើយមុនការប្រកួតមក ក្រុមរបស់លោក Xavi នឹងនាំគ្នាទៅហ្វឹកហាត់នៅឯកីឡដ្ឋាន Allianz Arena តែម្ដង។
កន្លងទៅការលេងក្រៅដីក្នុងពានរង្វាន់ Champions League នារដូវកាលនេះ អតីតអ្នកចាត់ការចាស់ Ronald Koeman តែងហ្វឹកហាត់នៅ Camp Nou មុនពេលចេញដំណើរទៅប្រកួត។ ប៉ុន្តែក្រោមការដឹកនាំរបស់ Xavi ក្លឹប Barca នឹងហោះទៅប្រទេសអាល្លឺម៉ង់មុនពេលដើម្បីហ្វឹកហាត់នៅទីលានសម្រាប់ប្រកួតតែម្ដង។
ការទៅហ្វឹកហាត់នៅ Allianz Arena នៅថ្ងៃអង្គារនេះ ដោយសារតែ Xavi ចង់ឲ្យកីឡាករស៊ាំនឹងបរិយាកាសក្នុងកីឡដ្ឋាន។ ការប្រកួតរវាង Bayern និង Barca នឹងលេងដោយគ្មានអ្នកគាំទ្រផ្ទាល់ ដោយសារតែការរឹតបន្តឹងបញ្ហាជំងឺកូវីដ-១៩នៅទីក្រុង Munich៕