photo of Aymeric Laporte
ខ្សែការពារកណ្ដាល Aymeric Laporte របស់ Manchester City

ខ្សែការពារកណ្ដាល Aymeric Laporte របស់ Manchester City នឹងអវត្តមានរហូតដល់ខែមករាឬកុម្ភៈឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Pep Guardiola។

កីឡាករវ័យ២៥ឆ្នាំដែលទើបទទួលបានការកោះហៅចូលជម្រើសជាតិក្រុមធំបារាំងលើកដំបូង បានទទួលការវះកាត់ត្រង់ជង្គង់ស្ដាំ បន្ទាប់ពីរងរបួសអំឡុងប្រកួតឈ្នះ Brighton ៤-០ កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩ ពេលប្រជែងជាមួយកីឡាករ Adam Webster។

Laporte រដូវកាលមុនបានចូលលេង៣៥លើកសម្រាប់ Man City ក្នុងក្របខ័ណ្ឌ Premier League។ មានតែ Bernardo Silva ម្នាក់ប៉ុណ្ណោះដែលលេងបានច្រើនប្រកួតជាងអតីតសមាជិក Athletic Bilbao រូបនេះ (មិនរាប់ចូលអ្នកចាំទី)។

Man City ពេលនេះនៅសល់ Nicolas Otamendi និង John Stones ជាខ្សែការពារកណ្ដាល ក្រោយការចាកចេញរបស់ Vincent Kompany។

Man City ត្រូវលេងនៅផ្ទះ Norwich City យប់ថ្ងៃសៅរ៍នេះក្នុងក្របខ័ណ្ឌ Premier League ម៉ោង​១១៖៣០​យប់​នៅ​កម្ពុជា៕