ខ្សែការពារវ័យក្មេងរបស់ Arsenal នឹងអវត្តមានពីទីលានយ៉ាងតិច២ខែ ដោយសាររងរបួសជើង

ខ្សែការពារវ័យក្មេង Ainsley Maitland Niles របស់ Arsenal បានរងរបួសស្រាំជើងឆ្វេងបន្តិច ដែលនឹងធ្វើឱ្យគេត្រូវអវត្តមានពី៦ទៅ៨សប្ដាហ៍។
កីឡាករជម្រើសជាតិយុវជនអង់គ្លេសវ័យ២០ឆ្នាំ ត្រូវបានរំពឹងថានឹងក្លាយជាជម្រើសដំបូងជាប់លាប់របស់អ្នកចាត់ការថ្មី Unai Emery ក្រោយបង្ហាញភាពលេចធ្លោរដូវកាលមុន។
ប៉ុន្តែអំឡុងការប្រកួតបើករដូវកាលថ្មីទល់នឹង Manchester City កាលពីថ្ងៃអាទិត្យទី១២ខែសីហា Maitland-Niles បានរងរបួសពេលប៉ះជាមួយកីឡាករ Kyle Walker របស់ក្រុម Man City ។ របួសជើងនេះ នឹងធ្វើឱ្យរូបគេអវត្តមានយ៉ាងតិច២ខែឯណោះ។ ការប្រកួតខ្សែការពារម្នាក់នេះ បានធ្វើឱ្យក្រុមកាំភ្លើងធំកំពុងជួបបញ្ហាកីឡាកររបួសនៅតំបន់ការពារហើយ ស្របពេល Sead Kolasinac និង Laurent Koscielny គឺសុទ្ធតែរងរបួសទាំងអស់។
Maitland-Niles ពេលនេះ ស្ថិតក្នុងបញ្ជីរបួសជាមួយរៀមច្បងដូចជា Sead Kolasinac ដែលរំពឹងវិលមកវិញក្នុងខែតុលា ខណៈប្រធានក្រុម Laurent Koscielny កំពុងបន្តព្យាបាលការវះកាត់កែងជើង។

Arsenal រំពឹងថា Nacho Monreal និង Danny Welbeck ដែលកំពុងរងរបួសនិងចូលមកហាត់ជាមួយក្រុមវិញនោះ អាចចូលលេងបានទល់ក្រុម Chelsea នាចុងសប្ដាហ៍នេះ។ ព្រោះថា Arsenal ត្រូវការពិន្ទុជាចាំបាច់ក្រោយពីខកចិត្តចាញ់ក្រុម Man City ២-០ ក្នុងប្រកួតបើករដូវកាល៕