ខ្សែការពារឆ្នើម Virgil Van Dijk បដិសេធព័ត៌មានរឿងខ្លួនបានបន្តសន្យាថ្មីជាមួយក្លឹប Liverpool

មានព័ត៌មានមួយថា ខ្សែការពារឆ្នើម Virgil van Dijk មួយរូបនេះជិតសម្រេចកិច្ចព្រមព្រៀងថ្មីបន្តជាមួយក្លឹបហង្សក្រហម Liverpool ហើយ។ ក៏មានការអះអាងថា កីឡាកររូបនេះជិតយល់ព្រមទទួលយកកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបហង្សក្រហម មិនដល់ពីរឆ្នាំផង បន្ទាប់ពីចូលរួមជាមួយក្លឹបនេះក្នុងតម្លៃ៧៥លានផោនកាលពីឆ្នាំ២០១៨។
ប៉ុន្តែផ្ទុយទៅវិញកីឡាករសញ្ជាតិហូឡង់រូបនេះបានអះអាងថា ខ្ញុំមិនទាន់បានពិភាក្សាកិច្ចសន្យាថ្មីជាមួយក្លឹប Liverpool នៅឡើយទេ ហើយផ្ទុយទៅវិញនៅពេលនេះខ្ញុំបានផ្តោតការយកចិត្តទុកដាក់លើបាល់ទាត់។
បន្ទាប់ពីបានជួយក្រុម Liverpool លើកពាន CL កាលពីរដូវកាលមុននៅពេលនេះ Van Dijk ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា ជាខ្សែការពារឆ្នើមក្នុងពិភពលោក ហើយក៏ជាបេក្ខភាពនាំមុខសម្រាប់ពាន Ballon d`Or នៅមុនកម្មវិធីប្រកាសនៅខែធ្នូផងដែរ។
Van Dijk បាននិយាយថា “ខ្ញុំឃើញមានសេចក្តីរាយការណ៍តាមបណ្តាលព័ត៌មានថា ខ្ញុំបានព្រមព្រៀងទទួលយកកិច្ចព្រមព្រៀងថ្មី។ ប៉ុន្តែខ្ញុំមិនបានពិភាក្សាអ្វីនៅពេលនេះទេ។ អ្វីដែលខ្ញុំកំពុងធ្វើគឺផ្តោតការយកចិត្តទុកដាក់នៅលើការប្រកួត”៕