ខ្សែបម្រើ ៥នាក់ ដែលមានតម្លៃខ្ពស់បំផុតលើលោក នាពេលបច្ចុប្បន្ន
ខ្សែបម្រើ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងទីលានបាល់ទាត់ ព្រោះថាគេគឺជាមនុស្សម្នាក់ ដែលអាចជាអ្នកនាំលេងឈានមុខ។ ដូច្នេះហើយ តម្លៃខ្លួនរបស់កីឡាករ ដែលលេងក្នុងតំបន់ខ្សែបម្រើ ក៏មានភាពប្រកួតប្រជែងទីផ្សារខ្លាំងផងដែរ។
មានកីឡាករខ្សែបម្រើ ៥នាក់ ដែលកំពុងតែមានតម្លៃខ្លួនខ្ពស់បំផុត នាពេលបច្ចុប្បន្ន ដោយក្នុងនោះរួមមាន៖
១.Kevin De Bruyne កីឡាករក្លឹប Manchester City មានតម្លៃ ១៥០លានអឺរូ

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកនេះ ត្រូវ Chelsea លក់ចេញ ក្នុងតម្លៃតែ ២២លានអឺរូតែប៉ុណ្ណោះ! ប៉ុន្តែក្រោយមកទម្រង់លេងរបស់គាត់នៅក្នុងក្លឹប Manchester City និងក្នុងក្រុមជម្រើសជាតិ កាន់តែល្អទៅៗ ដែលធ្វើឲ្យតម្លៃខ្លួនរបស់គាត់ អាចឡើងរហូតដល់ទៅ ១៥០លានអឺរូ។ ទោះបីពេលនេះ De Bruyne នៅកំពុងញុំាញីដោយរបួស បន្ទាប់ពី World Cup នៅរុស្ស៊ី ប៉ុន្តែគេជឿថា គាត់នឹងអាចត្រលប់មកលេងបានល្អវិញ ពេលជាសះស្បើយ។
២. Philippe Coutinho កីឡាករក្លឹប Barcelona មានតម្លៃ ១៥០លានអឺរូ

អតីតកីឡាករក្លឹប Liverpool សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបាន Barcelona ទិញទៅកីឡដ្ឋាន Camp Nou ក្នុងតម្លៃថ្លៃរួចទៅហើយ ១៣០លានអឺរូ ប៉ុន្តែពេលទៅដល់ Barca គេកាន់តែជោគជ័យឡើងដល់តម្លៃខ្លួន ១៥០លានអឺរូ ដោយសារតែសន្ទុះនៃការលេងរបស់គេ។ ប្រសិនបើរដូវកាលនេះ Coutinho អាចចូលរួមជួយ Barcelona ឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League នោះតម្លៃខ្លួនរបស់គាត់ អាចនឹងត្រូវឡើងខ្ពស់ជាងនេះទៀត។
៣. Dele Alli កីឡាកររបស់ក្លឹប Tottenham Hotspur មានតម្លៃ ១០០លានអឺរូ

បង្ហាញខ្លួន បាន ១០០ សម្រាប់ Spurs កីឡាករវ័យក្មេងអង់គ្លេសរូបនេះ រកបាន ៤០គ្រាប់។ គេគឺជាសំណព្វចិត្តរបស់អ្នកចាត់ការទូទៅក្លឹប Spurs លោក Pochettino ហើយក៏ជាកីឡាករម្នាក់ ដែលអាចធ្វើឲ្យគូបដិបក្ខមានការបារម្ភផងដែរ។ Alli មិនត្រឹមតែអាចលេងក្នុងតំបន់បម្រើទេ គេក៏អាចលេងជាខ្សែប្រយុទ្ធ បម្រើប្រយុទ្ធ និងអ្នកនាំលេងផងដែរ។ និយាយរួម Dele មានភាពរវាសរវៃ អាចបត់បែនតាមស្ថានការនៃការប្រកួតគ្រប់ពេល។ ការពិតទៅ នៅរដូវកាលថ្មីនេះ មានក្លឹបជាច្រើនចង់បាន Alli ហើយតម្លៃ ១០០លានអឺរូ ក៏គេមិនរុញរាដែរ ប៉ុន្តែ Alli មិនចង់ចាកចេញពី Spurs ដូច្នេះគាត់បានបន្តកុងត្រាថ្មី។
៤. Sergej Milinkovic-Savic កីឡាកររបស់ក្លឹប Lazio មានតម្លៃ ៩០លានអឺរូ

ខ្សែបម្រើស៊ែប៊ីរូបនេះ ជាកីឡាករវ័យក្មេង ដ៏មានសមត្ថភាពម្នាក់ ដែលកំពុងតែក្លាយជាទីចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Manchester United, Real Madrid និង Barcelona។ មានដំណឹងមកថា នៅពេលទីផ្សារដោះដូរកីឡាករ បើកទ្វារនៅខែមករាខាងមុខ Milinkovic-Savic នឹងក្លាយខ្សែបម្រើដែលមានតម្លៃខ្លួនថ្លៃបំផុត ដែលត្រូវផ្លាស់ទៅក្លឹបណាមួយនៅតំបន់អឺរុប។
៥. Saul Niguez កីឡាករក្លឹប Atletico Madrid មានតម្លៃ ៩០លានអឺរូ

មានកម្ពស់ ១ម៉ែត្រ ៨៤ កីឡាករអេស្ប៉ាញ វ័យ ២៤ឆ្នាំនេះ មានសមត្ថភាពយ៉ាងស៊ិចស៊ី ដោយគេអាចលេងបានក្នុងតំបន់បម្រើ និងប្រយុទ្ធ។ Saul គឺជាគ្រាប់ពេជ្រ ដែលលោក Diego Simeone ពិតជាច្នៃបានយ៉ាងឥតខ្ចោះមែនៗតែម្តង។ តែយ៉ាងណា Saul ប្រហែលជាចង់លេងនៅ Atletico Madrid ដល់ចូលនិវត្តន៍តែម្តង ព្រោះគេដូចជាមិនចាប់អារម្មណ៍ចង់ទៅក្លឹបណាផ្សេង ទោះបីជា Real Madrid ធ្លាប់ចង់បានគាត់ខ្លាំងក៏ដោយ៕