ខ្សែបម្រើ Bruno Fernandes បានបង្ហើបថាគេតែងតែផឹកកាហ្វេកាពូឈីណូនៅម៉ោង១១យប់ នៅយប់មុនប្រកួត រហូតវាក្លាយជាជំនឿជាប់ខ្លួនទៅហើយ។

Bruno Fernandes
Bruno Fernandes

កីឡាកររូបនេះទើបតែបានជួយក្រុមបិសាចក្រហម Manchester United យកឈ្នះក្លិប Atalanta ក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីថ្ងៃទី២១ខែតុលាកន្លងទៅ ហើយការប្រកួតបន្ទាប់គឺ ក្រុមរបស់គេនឹងត្រូវប្រកួតជាមួយ Liverpool នាថ្ងៃទី២៤ខែតុលាខាងមុខ ដែល Fernandes ទំនងជាអវត្តមានដោយសាររងរបួសកំលុងពេលហ្វឹកហាត់។

Fernandes រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៨លើកនៅរដូវកាលនេះ ហើយរូបគេបានទម្លាយថាដើម្បីឲ្យគេចូលលេងក្នុងការប្រកួតយ៉ាងរលូន គឺគេតែងតែបង្កើតទម្លាប់ផឹកកាពូឈីណូ ដើម្បីរៀបចំខ្លួន។

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះបានថ្លែងប្រាប់ មិត្តរួមក្រុម Jesse Lingard តាមរយៈ Youtube របស់ KFC ថា៖ យប់មុនការប្រកួតមកដល់ ខ្ញុំតែងតែញ៉ាំអាហារនៅក្នុងបន្ទប់សណ្ឋាគារ បន្ទាប់មកនៅម៉ោង១១ ឬ១១:៣០ នាទីយប់ ខ្ញុំនឹងផឹកកាហ្វេកាពូឈីណូ (Cappuchino) ។ បើសិនខ្ញុំផឹកវាហើយចូលដេកតែម្ដង គឺខ្ញុំអាចដេកលក់ដោយគ្មានបញ្ហា ប៉ុន្តែបើខ្ញុំផឹកវាហើយ ខ្ញុំនៅអង្គុយធ្វើអ្វីផ្សេងទៀតគឺវានឹងមានបញ្ហាហើយ៕