ក្លឹបអ្នកមានបារាំង Paris Saint-Germain បានប្រកាសនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ពួកគេបានព្រមព្រៀងគ្នាជាមួយកីឡាករ Marco Verratti ហើយ ដើម្បីបន្តកុងត្រារបស់ខ្សែបម្រើរូបនេះឱ្យមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ។

photo of Marco Verratti
ខ្សែបម្រើឆ្នើមអ៊ីតាលី Marco Verratti

ខ្សែបម្រើសញ្ជាតិអ៊ីតាលីវ័យ ២៦ ឆ្នាំរូបនេះនៅសល់តែ ១៤ ខែទៀតប៉ុណ្ណោះលើកិច្ចព្រមព្រៀងចាស់របស់គាត់ ដូច្នេះហើយម្ចាស់ជើងឯកក្របខណ្ឌ Ligue1 ក្លឹប Paris Saint-Germain ចង់បន្តកុងត្រាលើកិច្ចសន្យាថ្មីឱ្យកីឡាកររូបនេះ ។ Verratti បានចូលរួមជាមួយក្លឹបយក្សទីក្រុងប៉ារីស ពីក្លឹប Pescara ក្នុងតម្លៃ ១២ លានអឺរ៉ូកាលពីឆ្នាំ ២០១២ ហើយចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួននៅ ២៩០ ប្រកួត ដោយស៊ុតបញ្ចូលចូលទីបានចំនួន ៩ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ( Assist ) ចំនួន ៤៨ គ្រាប់ទៀត ។

សូមបញ្ជាក់ឱ្យដឹងផងដែរថា ក្រោយពីចូលរួមជាមួយក្លឹប Paris Saint-Germain អស់រយះពេល ៧ ឆ្នាំមកសមាជិកក្រុមជម្រើសជាតិអ៊ីតាលី Marco Verratti បានឈ្នះពានរង្វាន់ក្របខណ្ឌ Ligue 1 ចំនួន ៦ ដង , ពានរង្វាន់ Coupes de France ចំនួន ៤ ដង, ពានរង្វាន់ Coupes de la Ligue ចនួន ៥ ដងនិងពានរង្វាន់ Trophees des Champions ចំនួន ៧ លើកផងដែរ ៕