ខ្សែបម្រើ Leandro Paredes ទម្លាយថា Lionel Messi ធ្លាប់ខឹងនឹងគាត់ខ្លាំង រហូតដល់ថ្នាក់ចង់សម្លាប់គាត់ទៀតផង នៅក្នុងការប្រកួតរវាង Barcelona ទល់នឹង Paris Saint-Germain នៃពានរង្វាន់ Champions League រដូវកាល ២០២០-២០២១។

Lionel Messi នឹង Leandro Paredes
Lionel Messi នឹង Leandro Paredes

ជាការពិតណាស់ នៅពេលនោះ Messi មិនទាន់បានផ្ទេរមក PSG នោះទេ ដោយរូបគេនៅជាកីឡាកររបស់ Barca នៅឡើយ, ខណៈការប្រកួតខាងលើក្រុមអ្នកមានបុណ្យបានបរាជ័យក្រោមថ្វីជើងក្រុមអ្នកមានបារាំងក្នុងលទ្ធផល ៤-១ ហើយក៏បានធ្លាក់ចេញពីពានរង្វាន់ UCL ត្រឹមវគ្គ ១៦ ក្រុមយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

ទាក់ទងនឹងរឿងខាងលើ Paredes បានរម្លឹកពីទិដ្ឋភាពនៅពេលនោះ ដោយថ្លែងប្រាប់កាសែត Caja Negra យ៉ាងដូច្នេះថា៖ “គាត់ (Messi) បានខឹងខ្ញុំខ្លាំងណាស់ ដោយសារខ្ញុំបានប្រាប់ពីរបៀបបិទគាត់ទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំ ហើយគាត់ក៏បានឮវា បន្ទាប់មកវាបានធ្វើឱ្យគាត់ខឹងនឹងខ្ញុំខ្លាំងឡើងៗ។ គាត់ពិតជាខឹងខ្ញុំខ្លាំងមែនទែន។ គាត់បានរករឿងខ្ញុំ។ វាពិតជាអាក្រក់ខ្លាំងណាស់។ គាត់ចង់សម្លាប់ខ្ញុំ ហើយចង់ឱ្យខ្ញុំទៅផ្ទះវិញ”៕