photo of Arjen Robben
ខ្សែប្រយុទ្ធជើងចាស់ Arjen Robben បង្ហើបប្រាប់ពីកន្លែងដែលលោកចង់ទៅ ក្រោយចាកចេញពី Bayern Munich

Arjen Robben បានបង្ហើបឱ្យដឹងថាលោកនឹងចំណាយពេលនៅរដូវកាលក្រោយ ដើម្បីបង្វឹកក្រុមបាល់ទាត់របស់កូនប្រុសពៅលោក ។

ជាក់ស្តែងខ្សែប្រយុទ្ធជើងចាស់រូបនេះបានចូលនិវត្តន៍ពីបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលមុន ក្រោយពីមានអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ ដោយឈ្នះពានរង្វាន់លីគមួយផ្សេងទៀតជាមួយក្រុម Bayern Munich ។

photo of Arjen Robben
ក្រុមគ្រួសារ លោក Arjen Robben

ហើយយ៉ាងណាមិញនៅពេលពិភាក្សាពីផែនការអនាគតរបស់ខ្លួន  Robben បានរៀបរាប់អំពីរបៀបដែលលោកនឹងបង្រៀនកូនប្រុសរបស់លោកឈ្មោះ Kai និងមិត្តរួមក្រុមគេ នូវជំនាញដែលគាត់ធ្លាប់មានភាពល្បីល្បាញបំផុតនៅលើទីលាន ​។

មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់កាសែតអាឡឺម៉ង់ Bild លោក Robben បាននិយាយថា ៖ “ នៅរដូវបន្ទាប់ ខ្ញុំនឹងបណ្តុះបណ្តាលក្រុមកូនប្រុសពៅរបស់ខ្ញុំ ។ ហើយបន្ទាប់មកពួកគេប្រាកដជាដឹងថាផែនការនៃបណ្តុះបណ្តាលរបស់ខ្ញុំ គឺកាត់បាល់ពីខាងស្តាំ ហើយស៊ុតខាងឆ្វេងវិញ ” ។

លើសពីនេះ Robben ក៏បានពន្យល់ផងដែរថាលោកពិតសប្បាយចិត្ត ដែលកីឡាករ Philippe Coutinho ពាក់អាវលេខ ១០ របស់លោកនៅក្នុងក្រុម Bayern បន្ទាប់ពីចូលរួមជាមួយពួកគេ ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona ៕