ខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ Atletico រងរបួស ត្រូវសម្រាកប្រហែល៣សប្ដាហ៍
ខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ Atletico Madrid នឹងត្រូវសម្រាកប្រហែល៣សប្ដាហ៍ បន្ទាប់ពីកីឡាករឆ្នើមព័រទុយហ្គាល់វ័យ១៩ឆ្នាំរូបនេះបានរងរបួសកជើងអំឡុងពេល Atletico Madrid ប្រកួតស្មើ១-១ជាមួយ Valencia កាលយប់ថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០១៩។

Joao Felix ដែលបានផ្ទេរមកពី Benfica ក្នុងតម្លៃ១២៦លានអឺរ៉ូ ត្រូវបានគ្រាចេញពីទីលាន១០នាទីមុនចប់ការប្រកួត។
កីឡាករដែលនឹងឈានចូលវ័យ២០ឆ្នាំនៅខែវិច្ឆិកាខាងមុខ បានថត X-ray និងស្គែន MRI នៅមន្ទីរពេទ្យ Clinica Universidad de Navarra រួចហើយក្លិប Atletico Madrid បញ្ជាក់ថា Joao Felix បានគ្រេចកជើងក្នុងកម្រិតទី២ (Grade 2)។ ដូច្នេះគេនឹងអវត្តមានពីការប្រកួតទល់នឹង Athletic Bilbao, Alaves, Sevilla ក្នុង La Liga និងទល់នឹង Bayer Leverkusen ក្នុងពាន Champions League។
គេបានស៊ុតចូល៣គ្រាប់និងបញ្ជូន១គ្រាប់ក្នុងការបង្ហាញខ្លួន១៣លើកសម្រាប់ក្លិបយក្សអេស្ប៉ាញខាងលើក្នុងរដូវកាល២០១៩-២០នេះ៕