photo of Kazuyoshi Miura 
ខ្សែប្រយុទ្ធវ័យ៥២ឆ្នាំកីឡាករ Kazuyoshi Miura

ក្លិប Yokohama FC បានយល់ព្រមបន្តកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធវ័យ៥២ឆ្នាំកីឡាករ Kazuyoshi Miura រយៈពេល១រដូវកាលទៀត។ ក្លិប Yokohama បានជាប់មកលេងក្នុងលីគកំពូលជប៉ុន J1 ក្នុងរដូវកាលនេះ ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅលីគលំដាប់ទី២ J2 កាលពីរដូវកាលមុន។

យ៉ាងណា ខ្សែប្រយុទ្ធ Miura បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនក្រោយទទួលបានកុងត្រាថ្មីពីក្លិបថា៖

“ខ្ញុំបានបន្តកុងត្រាថ្មីជាមួយ Yokohama FC សម្រាប់រដូវកាល២០២០ខាងមុខ។ ឥឡូវខ្ញុំកំពុងខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ រីករាយជាមួយបាល់ទាត់ និងមានអារម្មណ៍ដឹងគុណចំពោះវិស័យកីឡាមួយនេះ។ ខ្ញុំនឹងបន្តខិតខំហ្វឹកហាត់ជួយក្រុមអោយឈ្នះការប្រកួតបន្ថែមទៀត។”
កីឡាករ Miura កើតក្នុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៦៧ គិតមកទល់ពេលនេះគាត់មានវ័យ ៥២ឆ្នាំ និងឈានចូលវ័យ៥៣ នៅខែក្រោយ។ អតីតជម្រើសជាតិជប៉ុនរូបនេះ ចូលប្រឡូកក្នុងសមរភូមិលើវាលស្មៅតាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ ដោយក្លិបដំបូងរបស់គាត់គឺក្លិប Shizuoka Ga. HS។
គួរឲ្យដឹងដែរថា រយៈពេល៣៧ឆ្នាំ ក្នុងវិស័យបាល់ទាត់លោកធ្លាប់ចូលរួមជាមួយក្លិបជាច្រើន ក្នុងនោះលោកក៏ធ្លាប់ចំណាយពេល៤ឆ្នាំលេងនៅលីគអ៊ីតាលី Serie A ផងដែរ ដោយកាលនោះលោកលេងឲ្យក្រុម Genoa  តែបង្ហាញខ្លួនបានត្រឹម២០ប្រកួតប៉ុណ្ណោះនិងស៊ុតបញ្ចូលទីបាន១គ្រាប់៕