លោក Unai Emery បានចាត់ទុកការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ របស់ក្រុម Arsenal នៅលើទឹកដីក្រុម Bournemouth គឺជាពេលវេលាដ៏សំខាន់មួយក្នុងរដូវកាលរបស់ពួកគេ ក្រោយពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យកំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមកាំភ្លើងធំមួយនេះ បន្តរហូតដល់ទៅ ១៧ប្រកួត។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

ក្រុមរបស់លោក Emery បានរកគ្រាប់បាល់នាំមុខមុនតាមរយៈការធ្វើឲ្យបាល់ចូលទីខ្លួនឯងដ៏ចម្លែករបស់ Jefferson Lerma នៅមុនពេលកីឡាករ Josh King រកបានគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់់កតង់ទី១ នាកីឡដ្ឋាន Dean Court កាលពីថ្ងៃអាទិត្យ។ Aubameyang បានរកគ្រាប់បាល់ទី៨របស់គេក្នុងការប្រកួតក្របខ័ណ្ឌលីកនៅរដូវកាលនេះ នៅតង់ទី២ ដើម្បីជួយឲ្យក្រុមឈរលេខ៥ Arsenal ដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នារដូវក្រោយ។

photo of Unai Emery
លោក Unai Emery

ក្រុមមានមូលដ្ឋានទីក្រុងឡុងដ៍ភាគខាងជើងមួយនេះ បានវិលទៅរកភាពខ្លាំងវិញ ចាប់តាំងពីលោក Emery បានចូលជំនួសកន្លែងរបស់លោក Arsene Wenger កាលពីពេលបិទរដូវកាល ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានឆ្លងផុតការប្រកួតដ៏ស្វិតស្វាញមួយតាមរយៈការដណ្តើមបានជ័យជម្នះនេះ។ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ៣លើកលើទឹកដីខ្លួនឯងពេលជួបជាមួយនឹងក្រុម Liverpool, Sporting Lisbon និង Wolves វាពិតជាសំខាន់ណាស់ដែលក្រុម Arsenal បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ៕