ខ្សែប្រយុទ្ធ Wilfried Zaha គ្រោងចាត់វិធានការណ៍ច្បាប់លើភ្នាក់ងាររបស់ខ្លួន
ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្លឹប Crystal Palace ចង់ចាត់វិធានការណ៍ច្បាប់លើក្រុមហ៊ុន Will Salthouse of Unique Sports Management ដែលជាភ្នាក់ងាររបស់ខ្លួន ដោយសារមិនសប្បាយចិត្តចំពោះការខកខានរបស់ភ្នាក់ងារនេះក្នុងការសម្រេចកិច្ចព្រមព្រៀងចាកចេញពីក្លឹប Crystal Palace កាលពីរដូវកាលមុន។

តាមព័ត៌មានថា Zaha បានពឹងពាក់លោក Chris Farnell មកពីក្រុមហ៊ុនច្បាប់ IPS Law ដែលមានមូលដ្ឋាននៅទីក្រុង Manchester ដើម្បីតំណាងឲ្យខ្លួនក្នុងបណ្តឹង ដែលនឹងសម្រេចដោយសនាវការក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័ររូបនេះត្រូវបានគេជូនដំណឹងថា ក្រុមហ៊ុន USM នឹងបន្តកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំក្រោយ មានន័យថា ពួកគេនឹងមានសិទ្ធិទទួលបានកម្រៃជើងសារ ប្រសិនបើ Zaha ចាកចេញពីក្លឹប Palace អំឡុងរដូវកាលទិញដូរពីរលើកបន្ទាប់ ដែលធ្វើឲ្យ Zaha សម្រេចចិត្តចាត់វិធានការច្បាប់។
កីឡាករវ័យ២៨ឆ្នាំត្រូវបានភ្នាក់ងារជាច្រើនទាក់ទង ហើយសន្យាថា នឹងជួយសម្រេចកិច្ចព្រមព្រៀងចាកចេញពីពហុកីឡាដ្ឋាន Selhurst Park រួមទាំងភ្នាក់ងារដ៏ល្បីឈ្មោះលោក Mino Raiola ផងដែរ៕