កីឡាករ​ខ្សែ​បម្រើ​របស់​ក្លឹប Juventus គឺ​កីឡាករ Aaron Ramsey បាន​ដក​ខ្លួន​ចេញ​ពី​សមាសភាព​កីឡាករ​ជម្រើសជាតិ​វ៉េលស៍​ដែល​ត្រូវ​ចូល​រួម​ប្រកួ​តវគ្គ​ជម្រុះ​ត្រៀម​ EURO 2020 ជា​មួយ​ក្រុម​ Azerbaijan នៅ​ខែ​ក្រោយ។

photo of Aaron Ramsey
កីឡាករ​ខ្សែ​បម្រើ​របស់​ក្លឹប Juventus កីឡាករ Aaron Ramsey

កីឡាករ​ដែល​មាន​វ័យ ២៨ឆ្នាំ​​រូបនេះ​បាន​ជា​សះ​ស្បើយ​ពី​របួស​សរសៃពួរ​សាច់ដុំ​ភ្លៅ​​ដែល​កើត​មាន​ឡើង​ពេល​គេ​លេង​នៅ​ក្លឹប​ Arsenal កាល​ពីខែមេសា ហើយ​បាន​ខក​ខាន​ការ​ប្រកួត​ដំបូង​របស់​ក្លឹប Juventus ក្នុង​លីគ​កំពូល​អ៊ីតាលី​ជាមួយ​ក្រុម​ Parma កាល​ពីថ្ងៃសៅរ៍។

គេ​បាន​ចូល​លេង​ ២០នាទី​ក្នុងការ​ប្រកួ​ត​មិត្ត​ភាព​ចន្លោះ​រដូវកាល​របស់​ក្រុម​ Juventus ជាមួយ​ក្លឹប Triestina កាលពី​ថ្ងៃទី១៧ ខែសីហា ប៉ុន្តែ​គេ​នឹង​ត្រូវ​សម្រាក​នៅ​អ៊ីតាលី​ដើម្បី​បន្ត​ព្យាបាល​របួស ជាជាង​ការ​ចូល​រួម​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​វ៉េលស៍​ដែល​ដឹកនាំដោយ​អ្នកចាត់ការ Ryan Giggs។

កីឡាករ​វ័យក្មេង​របស់​ក្លឹប Manchester United គឺ Dylan Levitt ត្រូវ​បាន​កោះហៅ​​មក​ពី​ក្រុម​ដែល​មានអាយុ​ក្រោម ២១ឆ្នាំ​ដើម្បី​មក​ជំនួស Ramsey។

ក្រុម​ជម្រើសជាតិវ៉េលស៍​ត្រូ​វទទួល​ក្រុម​ភ្ញៀវ Azerbaijan នៅ​ថ្ងៃទី៦ ខែ​កញ្ញា ក្នុង​ក្រុម E មុន​នឹង​ប្រកួត​មិត្ត​ភាព​​ជាមួយ​ក្រុម​ Belarus នៅ ៣ថ្ងៃ​ក្រោយ​មក។ ក្រុម​វ៉េលស៍​ឈរ​នៅ​លេខ​រៀងទី៤ នៅ​ក្នុង​ក្រុម E បន្ទាប់ពីចាញ់​ក្រុម​ក្រូអាស៊ី និង​ហុងគ្រី​កាលពីខែ​មិថុនា៕