ខ្សែបម្រើ Adrien Silva ថា Ronaldo អាចបន្តលេងក្នុងកម្រិតកំពូល រយៈពេល៥ឆ្នាំទៀត
ខ្សែបម្រើ Adrien Silva មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Goal នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធរូបនេះអាចបន្តលេងក្នុងកម្រិតកំពូលរយៈពេល៥ឆ្នាំទៀត។

Silva បាននិយាយថា៖” ច្បាស់ណាស់វាមិនអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេដែល Ronaldo នៅតែខ្លាំងក្នុងវ័យមួយនេះ អ្វីដែលយើងត្រូវគិតនោះគឺថា គេបន្តខ្លាំងអញ្ចឹងទៀតដល់អាយុប៉ុន្មាន? ព្រោះតែភាពខ្លាំងរបស់គេក្នុងរយៈពេលដ៏យូរនេះហើយជាចំណុចពិសេសសម្រាប់គេ។ ពិតណាស់កាយសម្បទារបស់យើងនឹងយ៉ាប់ម្ដងតិចៗ នៅពេលលេងច្រើនប្រកួត តែចំពោះ Ronaldo វិញគឺនៅដដែល ខណៈដែរគេត្រូវលេង ៦០ឬ៧០ប្រកួតឯណោះក្នុងមួយឆ្នាំ “។
កីឡាករនេះបន្តថា៖” គេនេះទោះបានចូលលេងប្រកួតតិច ក៏នៅតែរកគ្រាប់បាល់បានច្រើនដដែល។ អញ្ចឹងខ្ញុំគិតថាគេអាចបន្តលេងក្នុងកម្រិតខ្ពស់នេះក្នុងរយៈពេល ៤-៥ឆ្នាំទៀត ដែលពិតជាអស្ចារ្យខ្លាំងមែនទែន។ គេទោះជាឈ្នះពានច្រើន ទទួលបានជោគជ័យច្រើនម៉េចក៏ដោយក៏គេមិនដែលពេញចិត្តឡើយ គេនៅតែបន្តចង់ឈ្នះពានអីបន្ថែមទៀត។ ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលឃើញគេខ្លាំងអញ្ចឹងរហូត “។
នៅក្នុងឆ្នាំនេះ Ronaldo មានវ័យ៣៧ឆ្នាំហើយ ដោយកីឡាករនេះក៏ធ្លាប់និយាយកាលពីដើមឆ្នាំ២០២២នេះដោយសង្ឃឹមថានឹងបន្តលេងបាល់ទាត់នេះក្នុងរយៈពេល ៤-៥ឆ្នាំទៀត។ ជាអាជីពកីឡាករបាល់ទាត់ Ronaldo ធ្លាប់ឈ្នះពានធំៗអស់ហើយ នៅឡើយតែពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិខ្លួនប៉ុណ្ណោះ៕