ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-min បាន​បង្ហាញ​​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​​ បន្ទាប់​ពី​ត្រូវ​ប្ដូរ​ចេញ​អំឡុង​ការ​ប្រកួត North London Derby ទល់​នឹង​ Arsenal កាល​ពី​យប់​មិញ។

Son Heung-min
Son Heung-min

កីឡាករ​វ័យ​២៩​ឆ្នាំ​រក​បាន​គ្រាប់​​បាល់​នៅ​ដើម​វគ្គ​ទី​ពីរ​ ក្នុង​ជ័យជម្នះ ៣-០ ទល់​នឹង​កាំភ្លើង​ធំ​​ ហើយ​ក៏​ជា​គ្រាប់​ទី​២១​របស់​គេ​នៅ Premier League រដូវ​កាល​នេះ។ Son ពេល​នេះ​ចាញ់ Mohamed Salah របស់ Liverpool តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​​ក្នុង​ការ​ប្រជែង​យក​ស្បែកជើង​មាស​រដូវ​កាល​នេះ។

ត្បិត​តែ Arsenal នៅ​សល់​គ្នា​តែ​១០​នាក់ និង​ពិបាក​ក្នុង​ការ​ទប់ទល់​ Son ជាមួយ Harry Kane ស្រាប់​តែ​លោក Antonio Conte បាន​សម្រេច​ចិត្ត​ដក​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​ចេញ​នៅ​នាទី​ទី​៧២។ Son បាន​បង្ហាញ​ទឹក​មុខ​​មិន​សប្បាយ​ចិត្ត​ ពេល​ដើរ​ចេញ​ពី​ទីលាន តែ​ក៏​មាន​ការ​លួងលោម​ពី Conte ផង​ដែរ។

ជ័យជម្នះ​​ខាង​លើ Spurs ​នៅ​តែ​​ឈរ​លេខ​៥​​ក្នុង​តារាង​ពិន្ទុ Premier Leagueបន្ត​ដង្ហើម​​ប្រជែង​​យក​លេខ​៤​ពី Arsenal ដែល​គម្លាត​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​មាន​ឱកាស​លេង​នៅ UCL រដូវ​កាល​ក្រោយ៕