គិតមកទល់ពេលនេះ ក្លិប៣នៅ MCL មិនទាន់មានគ្រូបង្គោលថ្មី
ក្លិបបាល់ទាត់ចំនួន៣នៅក្របខណ្ឌ Metfone Cambodian League គឺ ភ្នំពេញក្រោន, សូទីឡូអង្គរ និង វេស្ទើនភ្នំពេញ នៅមិនទាន់មានគ្រូបង្គោលដឹកនាំនៅឡើយទេ ក្រោយចែកផ្លូវគ្នារៀងៗខ្លួន។

ជាក់ស្ដែង ក្រុមជើងឯក MCL ៦សម័យ ភ្នំពេញក្រោន បានចែកផ្លូវគ្នាជាមួយគ្រូបង្គោលជនជាតិអង់គ្លេស Sean Sainsbury ក្រោយចប់រដូវកាល២០១៨ បានត្រឹមមួយថ្ងៃ។ ជិតមួយសប្ដាហ៍ក្រោយមក លោក Fisol Bin Arazak ក៏បានធ្វើដំណើរត្រលប់ទៅកាន់ម៉ាឡេស៊ីវិញ បន្ទាប់ពីបញ្ចប់ការរួមរស់មួយរដូវកាលនៅវេស្ទើនភ្នំពេញ។

ជាមួយគ្នានេះ លោក Yuki Matsuda ក៏បានអស់កិច្ចសន្យាជាមួយក្លិបសូលទីឡូអង្គរជាទីបុរសជនជាតិជប៉ុនមួយនេះដឹកនាំ២រដូវកាលតាំងពីនៅក្របខណ្ឌ Second Divison។

តាមដំណឹងល្ហិចល្ហៀងមកថា ភ្នំពេញក្រោន អាចនឹងប្រកាសគ្រូបង្គោលថ្មីនៅចុងខែតុលា ខាងមុខ ខណៈក្រុមមានមូលដ្ឋាននៅសៀមរាបក៏ពិចារណាបេក្ខជនជំនួសលោក Matsuda ដែរ។ ដោយឡែក វេស្ទើនភ្នំពេញ ឯណោះមិនទាន់ច្បាស់ពីគម្រោងនានានៅឡើយ៕