ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កាន់តែមានឱកាសក្នុងដំណើរឆ្ពោះទៅប្រជែងពានក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អ ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ២ទល់០ នៅកីឡដ្ឋានស្តាតចាស់ កាលពីល្ងាចមិញ។

នេះគឺជាលើកទី២ ហើយ ដែលណាហ្គាវើលដ៏ បានរងភាពជូរចត់ ក្រោមថ្វីជើងគិរីវង់ បន្ទាប់ពីត្រូវក្រុមមានមូលដ្ឋាន នៅស្រុកគិរីវង់ ខេត្តតាកែវមួយនេះ ទម្លាក់ចេញពីពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយ កាលពីពេលថ្មីៗ កន្លងទៅ។ ២គ្រាប់ធ្វើឲ្យគិរីវង់ ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ ដាវ នីម និងកីឡាករ Coulibaly Souleymane ដែលសុទ្ធតែកើតឡើងក្នុងវគ្គទី២ បន្ទាប់ពីរក្សាលទ្ធផល ០ទល់០ នៅវគ្គទី២។

មានយោបល់ជុំវិញជ័យជម្នះនេះ លោក Ekapob គ្រូបង្វឹកនៃក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បានពន្យល់នៅលើគេហទំព័រ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ថា៖ «ខ្ញុំពិតជារីករាយមែនទែនសម្រាប់ជ័យជម្នះនេះ ព្រោះកូនក្រុមធ្វើបានទៅតាមយុទ្ធសាស្ត្រដែលបានរៀបចំ។ ជាក់ស្ដែង យើងបានប្រាប់កូនក្រុមឲ្យលេងរបៀបម្នាក់បិទម្នាក់ និងមានអ្នកចាំជួយម្នាក់។ និយាយរួមទៅយើងព្យាយាមមិនឲ្យណាហ្គាលេងបានតែម្ដង ជាពិសេសកូដទាំងសងខាង»។

ជ័យជម្នះនេះ ក៏នាំឲ្យគិរីវង់ សងសឹកក្រុម លោក មាស ចាន់ណា បានសម្រេចផងដែរ ដ្បិតជើងទី១ ពួកគេបានចាញ់ក្នុងដី ៣ទល់១។ តែអ្វីដែលត្រូវរីករាយជាមួយជ័យជម្នះរបស់គិរីវង់នេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវបន្ដឈរកំពូលតារាង និងបង្កើតគម្លាតពិន្ទុកាន់តែឆ្ងាយពីគូប្រជែង ពិសេសក្រុមណាហ្គាវើល ដែលឈរលេខរៀងទី២ រហូតទៅ ៨ពិន្ទុ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៧ទល់០ នៅលើទឹកដីរបស់ខ្លួន។

ដូច្នេះពេលនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកៅអីកំពូលតារាង និងមាន ៤៨ពិន្ទុ អមជាមួយកំណត់ត្រាមិនស្គាល់ចាញ់ម្ដងឡើយ ក្រោយឆ្លងកាត់ ១៨ប្រកួតឈ្នះ១៥ និងស្មើ៣ ។ រីឯក្រុមឈរលេខ២ និងលេខ៣ ដែលជាគូប្រជែងចម្បងរបស់ក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀងនេះ រួមមានក្រុមណាហ្គាវើលដ៏ និងវិសាខា ទើបរកបាន ៤០ពិន្ទុប៉ុណ្ណោះ៕

តារាងចំណាត់ថ្នាក់ទាំងស្រុងសម្រាប់សប្ដាហ៍ទី១៨៖