photo of Metfone Cambodian League
ជំនួបនៃ លីគកំពូលកម្ពុជា សប្ដាហ៍ទី១១

ក្រុមការពារតំណែងជើងឯកបឹងកេត បានប្រកាសឲ្យដឹងថា ការបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមណាហ្គាវើល នៅក្នុងជំនួបសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ គឺបើកទ្វារស្វាគមន៍អ្នកគាំទ្រចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ ។ ជុំវិញការប្រកាស Free សំបុត្រចូលទស្សនានេះ ធ្វើឡើងដើម្បីញ៉ាំងឲ្យការប្រកួតកាន់តែកក្រើក និងអស្ចារ្យ ។

ក្លិបជើងឯក៣សម័យកាលប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការថា៖ «សូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រនិងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីញ៉ាំងឲ្យការប្រកួតចុងក្រោយជើងទី១នៃលីគកំពូលកម្ពុជា រវាងក្រុមបឹងកេតទល់នឹងណាហ្គាវើលកាន់តែកក្រើកនិងអស្ចារ្យ។ក្លិបនឹងពុំមានធ្វើការលក់សំបុត្រចូលទស្សនានោះទេគឺបើកឲ្យចូលទស្សនាដោយសេរីតែម្ដងសម្រាប់ការប្រកួតគូរទី២រវាងបឹងកេតទល់នឹងណាហ្គាវើលដែលប្រកួតនៅវេលាម៉ោង ៦:៣០ នាទីល្ងាច។ដូច្នេះសម្រាប់បងប្អូនអ្នកគាំទ្រទាំងអស់ដែលចង់ទស្សនាការប្រកួតរបស់បឹងកេតនឹងណាហ្គាវើលអាចរង់ចាំទស្សនាបានក្រោយបញ្ចប់គូទី១ដោយពុំចាំបាច់ទិញសំបុត្រចូលទស្សនាឡើយ។ ជាងនេះទៅទៀតនៅថ្ងៃអាទិត្យទី២៤ នេះយើងក៏នឹងមានការលក់ឈុតរដូវកាលថ្មីក្នុងតម្លៃពិសេសផងដែរនៅពហុកីឡដ្ឋានជាតិ»។
photo of Metfone Cambodian League
បឹងកេតទល់ vs ណាហ្គាវើល
​​
សូមបញ្ជាក់ថា សប្ដាហ៍នេះ គឺជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជើងទី១។ ចំពោះកម្មវិធីប្រកួតថ្ងៃអាទិត្យ គឺមាន ២ប្រកួតត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ។ ដូច្នេះមុនឈានដល់ការជួបគ្នារវាងបឹងកេត និងណាហ្គាវើល គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមក្រសួងការពារជាតិជាមុនសិន។ សម្រាប់លទ្ធផលបណ្ដោះអាសន្នវិញ បច្ចុប្បន្នក្រុមណាហ្គាវើលឈរកំពូលតារាងមាន ២៥ពិន្ទុ គ្រាដែលក្រុមបឹងកេតឈរលេខ២ មាន២៤ពិន្ទុ ហេតុនេះបើក្រុមណាឈ្នះក្នុងសប្ដាហ៍នេះ ក្រុមនោះនឹងឈរកំពូលតារាង តែបើស្មើគ្នា ណាហ្គាវើល នៅតែរក្សាកៅអីរបស់ខ្លួនដដែល៕