គោលដៅរបស់ Man UTD កីឡាករ Youri Tielemans បានច្រានចោលសំណើកុងត្រាថ្មីពី Leicester
យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើក្រុម Leicester City កីឡាករ Youri Tielemans បានសម្រេចចិត្ត មិនបន្តកុងត្រាថ្មីជាមួយក្លិប។

Tielemans បានបង្ហាញទម្រង់លេងលេចធ្លោ កាលពីមកលេងខ្ចីជើងឲ្យ Leicester កាលពីខែមករាឆ្នាំ២០១៩ ខណៈ៦ខែក្រោយមក រូបគេត្រូវបានក្រុមរហស្សនាមកញ្ជៀងខៀវទិញផ្ដាច់ក្នុងតម្លៃ៤០លានផោន (ឬប្រមាណ ៥៤លានដុល្លារ) ដោយគិតមកទល់ពេលនេះ ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក បង្ហាញខ្លួនបាន១៣៥ប្រកួត។
Tielemans ជាតួឯកសំខាន់ សម្រាប់ការប្រកួតពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រ កាលពីរដូវកាលមុន ដោយគ្រាប់បាល់តែ១គត់របស់គេ បានជួយ Leicester លើកពាន។ ដោយសារតែ Tielemans បានសាងគុណសម្បតិ្តធំធេងដូចនេះ ដូច្នេះទើប Leicester ស្រែកឃ្លាន ក្នុងការបន្តកុងត្រាថ្មីឲ្យរូបគេ។
គួរបញ្ជាក់ដែរថា កុងត្រារបស់ខ្សែបម្រើវ័យ២៤ឆ្នាំខាងលើ នៅសល់សុពលភាពមិនដល់១៨ខែទៀតនោះទេ ខណៈរូបគេ កំពុងមានដំណឹងលេចឮពាក់ព័ន្ធជាមួយក្លិបធំៗដូចជាបិសាចក្រហម Manchester United ហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង Bayern Munich ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕