គ្រូបង្គោលស៊ីម៉ាក់ចូលពេទ្យវះកាត់ដុំគីសនៅក

លោក កែវ សារិន គ្រូបង្គោលក្លិបបាល់ទាត់ស៊ីម៉ាក់យូណាយធីត បានចូលវះកាត់ដុំគីសនៅក នាមន្ទីរពេទ្យមួយកន្លែងឯរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៩ មិថុនា។ នេះបើតាមការឲ្យដឹងពីកីឡាករ កែវ ឧត្តម ដែលជាកូនប្រុសរបស់លោក។
ខ្សែប្រយុទ្ធវ័យក្មេងខាងលើឲ្យដឹងដែរថា ដុំគីសរបស់ឪពុកគេបានកើតឡើងយូរណាស់មកហើយ តែទើបសម្រេចចិត្តវះកាត់មួយរយៈចុងក្រោយនេះ និង ទទួលបានជោគជ័យផងដែរ មិនប៉ះពាល់ដល់អាយុជីវិតទេ។ លោកនឹងបន្តសម្រាកមួយរយៈមុនវិលចូលទីលានបង្ហាត់កូនក្រុម។
គួរដឹងដែរថា លោក កែវ សារិន បានកាន់តំណែងគ្រូបង្គោលក្លិបស៊ីម៉ាក់យូណាយធីត កាលពាក់កណ្ដាលរដូវកាល២០១៦ ជំនួសលោក ស៊ុ វណ្ណា ដែលបានចេញទៅក្លិបវេស្ទើនភ្នំពេញ នាពេលដដែលនោះ។
រដូវកាល២០១៧ កន្លងទៅ ក្រុមតំណាងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ចប់នៅលំដាប់ទី១២ ជ្រុះចេញពីក្របខណ្ឌ Metfone Cambodian League ហើយក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨នេះ ពួកគេបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ថ្នាក់ខេត្ត តែធ្លាក់ក្រោមថ្វីជើងយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ៕

អត្ថបទ៖ CNCC