លោក Rangnick ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម Man United កាលពីថ្ងៃច័ន្ទកន្លងទៅ លោកនឹងត្រូវដឹកនាំក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលគាត់ចូលកាន់តួនាទីប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford ។

Rangnick
Rangnick

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនត្រឹមតែត្រូវបានគេស្គាល់ចំពោះការបង្វឹកដ៏ល្អរបស់គាត់តាមរយៈស្ទីលលេងដ៏ទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារផ្ទេរកីឡាករតាមរយៈតួនាទីជានាយកកីឡារបស់គាត់នៅ RB Leipzig, RB Salzburg និង Lokomotiv Moscow ជាដើម។

បើយោងតាមរបាយការណ៍ Rangnick ចង់នាំយក Haaland ខ្សែប្រយុទ្ធ Borussia Dortmund មកកាន់ Old Trafford ខណៈដែលគ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះស្គាល់ឪពុក និងភ្នាក់ងាររបស់ Haaland គឺលោក Alf-Inge ផងដែរ។

គួរបញ្ជាក់ផងដែរថា Rangnick ស្ថិតក្នុងតួនាទីជានាយកកីឡានៅ Salzburg នៅពេលដែល Haaland ទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសអូទ្រីសក្នុងរដូវរងាឆ្នាំ 2019 ខណៈដែលកីឡាករសញ្ជាតិន័រវេសរូបនេះស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុង 22 ប្រកួត មុនពេលផ្ទេរទៅ Dortmund ក្នុងតម្លៃ 18 លានផោននៅដើមឆ្នាំ 2020 ។ 

Haaland ស៊ុតបញ្ចូលទីបាន 41 គ្រាប់ក្នុង 41 ប្រកួតសម្រាប់ក្លឹប Dortmund កាលពីរដូវកាលមុន ហើយកីឡាករវ័យ 21 ឆ្នាំរូបនេះបន្តស៊ុតបាន 14 គ្រាប់ក្នុង 11 ប្រកួតក្នុងរដូវកាលនេះ។