ក្លឹប Watford កំពុងតែពិចារណាពីអនាគតរបស់អ្នកចាត់ការទូទៅលោក Javi Gracia បន្ទាប់ពី ៣ប្រកួត ផ្តើមរដូវកាលនៅ Premier League គឺ Watford ចាញ់ទាំង ៣ប្រកួត មាន០ពិន្ទុគត់ ស្ថិតនៅបាតតារាង។

photo of Javi Gracia
លោក Javi Gracia អ្នកចាត់ការទូទៅរបស់ក្លឹប Watford

គ្រូបង្វឹកក្លឹប Watford វ័យ ៤៩ឆ្នាំនេះ រងសម្ពាធខ្លាំងបំផុត គឺបន្ទាប់ពីបាននាំក្រុមប្រកួតចាញ់ក្រុមភ្ញៀវ West Ham ដោយលទ្ធផល ១ទល់នឹង៣ កាលពីចុងសប្តាហ៍កន្លងទៅ។ លទ្ធផលចាញ់យ៉ាងស្ពឹកមុខ ស្ថិតក្រោមបាតតារាងបែបនេះ គឺជាលើកដំបូងហើយរបស់ Watford ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ។

នៅពេលដែលអ្នកកាសែតសួរ ពីអនាគតរបស់ខ្លួន លោក Gracia បានឆ្លើយតបថា៖ “វាជារឿងពិត! តើខ្ញុំអាចនិយាយអ្វីបាន? ថាមពលរប់យើងមិនល្អ ហើយយើងត្រូវតែពង្រឹងវា។ ខ្ញុំដឹង ហើយខ្ញុំកំពុងតែរៀបចំសម្រាប់ការប្រកួតបន្ទាប់ទៀត។ ប្រសិនបើយើងឈ្នះ ឬ ចាញ់ ខ្ញុំត្រូវតែផ្តោតលើការប្រកួតបន្តទៀត”

គួរជម្រាបជូនថា លោក Gracia បានចុះកុងត្រារយៈពេល ៤ឆ្នាំកន្លះ ជាមួយ Watford កាលពីខែវិច្ឆិកា ឆ្នាំមុន ហើយក៏បាននាំ Watford សម្រេចសមិទ្ធិផលធំ គឺការបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup តទល់ជាមួយនឹង Manchester City និងបាននាំក្រុមបញ្ចប់រដូវកាល Premier League កាលពីរដូវកាលមុន ដោយលទ្ធផលក្នុងចំណោម top ១០៕