photo of Arsene Wenger
Arsene Wenger of arsenal

គ្រូបង្វឹកជើងចាស់ ក្នុងលីកកំពូល Premier League សញ្ជាតិបារាំងលោក Arsene Wenger បានប្រកាសដកខ្លួនចេញពីក្រុមកាំភ្លើងធំ Arsenal ហើយ ក្រោយពីបញ្ចាប់ភារកិច្ចរបស់ខ្លួនក្នុងរដូវកាលនេះ ។

ក្នុងការសម្រេចចិត្តចាកចេញពីក្រុមកាំភ្លើងធំ Arsenal ត្រឹមបញ្ចាប់ភារកិច្ចរដូវកាលនេះ គឺជាការសម្រេចរបស់ គ្រូបង្វឹករូបនេះផ្ទាល់ ក្រោយពីការដឹកនាំនៅទីនេះរបស់លោក បានចំណាយអស់រយៈពេល ២២ឆ្នាំមកហើយ។

តាម​រយៈសេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ពី​គ្រូ​បង្វឹក​រូប​នេះ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាននិយាយ​ថា៖ «បន្ទាប់ពី​ធ្វើ​ការ​ពិចារណា​យ៉ាង​ល្អិត​ល្អន់ និង​ពិភាក្សា​ជាមួយ​ក្លឹប​រួច​មក ខ្ញុំ​យល់​ថា​នេះជា​ពេល​ស័ក្តិ​សម​សម្រាប់​ខ្ញុំ​ហើយ ដែល​ត្រូវ​ចុះចេញ​ពី​តំណែង​នៅ​ចុង​រដូវ​កាលនេះ​»។

«ខ្ញុំ​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​មាន​ឱកាស​បាន​បម្រើ​ក្លឹបនេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ»។

«ខ្ញុំ​បាន​ដឹកនាំ​ក្លឹប​ជាមួយ​នឹង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ភាព​ស្មោះ​ត្រង់»។

«ខ្ញុំ​ចង់​អរគុណ​ដល់​បុគ្គលិក កីឡាករ ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ក្លឹប​មួយនេះ​មាន​លក្ខណៈ​ពិសេស​»។

«ខ្ញុំ​សូម​ស្នើ​ឲ្យ​អ្នកគាំទ្រ​របស់​យើង​បន្ត​គាំទ្រ​ក្រុម​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​»។

«សម្រាប់​អ្នក​គាំទ្រ Arsenal ទាំង​អស់​គ្នា សូម​ជួយ​ថែរក្សា​តម្លៃ​របស់​ក្លឹប​ផង»។

«សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​របស់​ខ្ញុំ​ចំពោះ​ក្លឹប​នៅតែ​មាន​ជា​រៀង​រហូត​»។

លោក Stan Kroenke ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់ Arsenal បាន​បន្ថែម​ទៀត​ថា៖ «មូលហេតុ​សំខាន់​មួយ​ដែល​យើង​បាន​ចូល​រួម​ជាមួយ Arsenal គឺ​ដោយសារ​តែ​អ្វី​ដែល Arsene បាន​ផ្ដល់​ជូន​ដល់​ក្លឹប​នេះ ទាំង​នៅក្នុង​និង​ក្រៅ​ទីលាន​ប្រកួត​»។

«ការ​ដឹកនាំ​ក្នុង​រយៈពេល​ដ៏យូរ ជាមួយ​នឹង​ទម្រង់​លេង​ដែល​មាន​កម្រិត​ខ្ពស់​ក្រោម​ការរៀបចំ​របស់​គាត់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ​»។

photo of Arsene Wenger
Arsene Wenger of arsenal

គួរឲ្យដឹងបន្ថែមផងដែរថា គ្រូបង្វឹក Arsene Wenger គឺជាគ្រូបង្វឹកដែលជោគជ័យបំផុតរបស់ក្រុមកាំភ្លើងធំ Arsenal ដោយរយៈពេល ២២ឆ្នាំមកនេះ រូបលោក បានជួយអោយក្រុម Arsenal ឈ្នះពាន Premier League ចំនួន ៣លើក និង FA Cup ចំនួន ៧លើកផងដែរ៕