គ្រូបង្វឹក At Madrid លោក Simeone ប៉ះពាក្យសម្ដីជាមួយក្រុមការងាររបស់ Man Utd បាត់
លោក Diego Simeone បានប៉ះពាក្យសម្ដីជាមួយក្រុមការងារថតរបស់ក្លឹប Manchester United ដោយសារតែលោកបានទាញមីក្រូហ្វូនរបស់បិសាចក្រហមចេញពីតុសន្និសីទកាសែត។

អ្នកចាត់ការរបស់ក្លឹប Atletico Madrid បានបង្ហាញខ្លួនក្នុងសន្និសីទកាសែតមុនជំនួបទល់នឹង Man Utd សម្រាប់ការប្រកួតជើងទីពីរពានរង្វាន់ Champions League។ ពេលដល់ទីតាំងអង្គុយ លោក Simone សាកល្បងសំឡេងជាមួយមីក្រូហ្វូនទាំងអស់ ដោយពួកវាគ្មានបញ្ហាអ្វីនោះទេ។
ប៉ុន្តែលោកបែរជាបានដកមីក្រូហ្វូនដែលមានឡូហ្គោ Man Utd ចេញពីមុខទៅវិញ។ ភ្លាមនោះខាងក្រុមការងារថតរបស់ Man United បានស្រែកឲ្យលើកមីក្រូហ្វូនឡើងវិញ និងបង្វែរឲ្យចំ Simone។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនក៏បានញញឹមនិងនិយាយថា៖ “រឿងមិនអាចទាយទុកក៏អាចកើតឡើងក្នុងការប្រកួតបានដែរ”។
Man United នឹងបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ Atletico Madrid សម្រាប់ការប្រកួតជើងទីពីរ ដោយកាលពីជើងទីមួយក្រុមទាំងពីរស្មើគ្នា ១ ទល់នឹង ១ នៅទឹកដីប្រទេសអេស្ប៉ាញ៕