photo of Sean Sainsbury
លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញ

លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញ អះអាងថា ការបន្ថយចំនួនកីឡាករបរទេសមកត្រឹម២នាក់ក្នុងជំនួបចាញ់អង្គរថៃហ្គឺរ ០ទល់នឹង៤ លើដីខ្លួន កាលថ្ងៃសៅរ៍ ទី១៨ ខែសីហា កន្លងទៅ ដោយសារចង់ផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្ហាញសមត្ថភាពនៅប៉ុន្មានប្រកួតចុងក្រោយលីគកំពូលរដូវកាល២០១៨នេះ។

គ្រូបង្វឹកជនជាតិអង់គ្លេសទទួលស្គាល់ថា ក្រុមខ្លួនបានអស់ឱកាសប្រជែងជើងឯក Metfone Cambodian League ទៅហើយនៅរដូវកាល២០១៨នេះ ដូច្នេះហើយលោកចង់ទុកពេលវេលានៅសេសសល់បទពិសោធកូនក្រុមវ័យក្មេងទាំងអស់។

ក្លិបភ្នំពេញក្រោន
ក្លិបភ្នំពេញក្រោន

លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញក្រោន ៖ “យើងមិនអាចឈ្នះជើងឯកទេ ហើយកីឡាករក្មេងៗរបស់យើងក៏ត្រូវការពេលវេលាដើម្បីបញ្ចេញសមត្ថភាពផងដែរ។ ដូច្នេះយើងក៏សម្រេចចិត្តថា ត្រូវតែផ្ដល់ឱកាសដល់ពួកគេខ្លះៗដើម្បីពួកគេបានចូលលេង។ អ៊ីចឹងយើងនឹងអាចបន្ថយកីឡាករបរទេសខ្លះក្នុងជម្រើស១១នាក់ដំបូងដោយផ្ដល់ឱកាសដល់ក្មេងៗវិញម្ដង”។

ឆ្លងកាត់ការប្រកួត១៨លើកកន្លងមក ភ្នំពេញក្រោន ស្ថិតនៅលំដាប់ទី៥ មាន២៧ពិន្ទុ ដោយឈ្នះ៨ ស្មើ៣ និង ចាញ់៧ដង។ លីគកំពូលកំពូលកម្ពុជានៅសល់៤សប្ដាហ៍ទៀត ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា៕

photo of លីគកំពូលកម្ពុជា
ភ្នំពេញក្រោន vs អង្គរថៃហ្គឺរ