គ្រូជម្រើសជាតិកូរ៉េបកស្រាយពីមូលហេតុដែលដក Son ចេញពីប្រកួតអូឡាំពិក
លោក Kim Hak-bum គ្រូបង្គោលក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានធ្វើការបកស្រាយទៅកាន់អ្នកសារព័ត៌មានជាច្រើននៅក្នុងថ្ងៃនេះ ពីមូលហេតុដែលលោកសម្រេចចិត្តដកខ្សែប្រយុទ្ធ Son Heung-min ពីការប្រកួតអូឡាំពិក ២០២០ខាងមុខ។

លោក Kim បាននិយាយថា៖” ខ្ញុំបានប្រាប់ទៅកាន់ Son ថាអរគុណហើយសុំអភ័យទោសផងដែរព្រោះគេបានបង្ហាញយ៉ាងច្បាស់ថាគេចង់ចូលជួយក្រុមជម្រើសជាតិគេក្នុងប្រកួតអូឡាំពិកនេះ។ គេបានទៅសុំ Spurs រហូតទទួលបានការអនុញ្ញាតផងដែរ។ យើងពេញចិត្តនឹងគេមែនទែន ហើយយើងក៏បានដាក់ឈ្មោះគេចូលក្នុងក្រុមដែរ តែគិតចុះគិតឡើង គេជាកីឡាករដែលត្រូវការពាររក្សាទុកសិន ព្រោះរបៀបេបបលេង ចូលរួមហ្វឹកហាត់អូឡាំពិកអាចនឹងលំបាកដល់គេ។ ណាមួយកាលពីរដូវកាលមុនហ្នឹង Son រៀងមានរបួសផងអញ្ចឹងហើយបើគេមកលេងនេះទៀត ពិតជាពិបាកដល់គេ “។
លោកបានបន្ថែមទៀត៖” អញ្ចឹងហើយបានជាចុងក្រោយខ្ញុំសម្រេចចិត្តដ៏លំបាកនេះ ព្រោះបើ Son ឈឺក្នុងប្រកួត អ្នកទាំងគ្នាច្បាស់ជាថាយើងឲ្យគេលេងច្រើនពេក អញ្ចឹងហើយវាពិបាកដល់ខ្ញុំទទួលខុសត្រូវណាស់ ជាពិសេសបើគេឈឺមែនក្នុងពេលប្រកួតហ្នឹងមែន វាច្បាស់ជាខាតណាស់ព្រោះគេត្រូវចូលរួមប្រកួត World Cup វគ្គជម្រុះ ក៏ដូចជាប្រកួតដើមរដូវកាល Spurs ផងដែរ “។
គួរបញ្ជាក់ផងដែរប្រកួតអូឡាំពិក ២០២០ នឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៣ កក្កដា ដល់ថ្ងៃទី០៨ សីហា ឆ្នាំ២០២១ខាងមុខ៕