photo of Felix Gonzalez Dalmas
លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ AFF Suzuki Cup 2018 ក្នុង​លទ្ធផល​១​ទល់​០​ទៅ​លើ​ជម្រើស​ជាតិ​ម៉ាឡេស៊ី ប៉ុន្តែ​លោក Felix ថា​ក្រុមកម្ពុជា​លេង​បាន​ប្រសើរ​ជាង​មុនឆ្ងាយ

មួយ​គ្រាប់​របស់​ម៉ាឡេស៊ី​រក​បាន​ដោយ​កីឡាករ​ពាក់​អាវ​លេខ ៩ Norshahrul Idlan Talaha ប្រើ​ក្បាល​សម្រេច​ទី​នៅ​នាទី​៣០​ក្នុង​វគ្គ​ទី​១​ខណៈ​កម្ពុជា​ហាក់​ខ្សោយ​នៅ​តំបន់​ប្រយុទ្ធ​ហើយ​កម្រ​មានឱកាស​ក្នុង​ការ​វាយ​សម្រុក​ឬ​ផ្ដល់​ភាព​គ្រោះ​ថ្នាក់​អ្វី​ដល់​ម៉ាឡេស៊ី​នោះ​ឡើយ។ តែទោះយ៉ាង​នេះក្តី គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​​ថា​ កម្ពុជា​លេង​បាន​ល្អ​ហើយ​។

“ខ្ញុំមាន​មោទនភាព នៅ​ពេល​ឃើញ​កូន​ក្រុម​លេង​ល្អ​ប្រសើរ សហការ​គ្នា​បាន​ល្អ បើ​ទោះ​ជា​លទ្ធផល​ចាញ់ ដែល​យើង​មិន​ចង់​បាន​មែន។ ប៉ុន្តែ​ប្រកួត​នេះ យើង​បាន​ធ្វើ​វា​ល្អ​ប្រសើរ យើង​សង្ឃឹម​នឹង​ធ្វើ​បាន​ល្អ​បន្ថែម​ទៀត​នៅ​ប្រកួត​បន្ទាប់។ យើង​រីករាយក្នុង​ការ​ប្រកួត​នេះ ​ដែល​យើង​អាច​លេង​បាន​យ៉ាង​ល្អ​រហូត​ដល់​៩០​នាទី​ពេញ”។

ចំពោះ​ទម្រង់​លេង​ប្រយុទ្ធ​មិន​ល្អ​ហើយ​មិន​អាច​វាយ​សម្រុក​គ្រូ​ប្រកួត​លោក ថា ក្រុមមួយ​មិន​អាច​សម្រុករហូត​បាន​ឡើយ ដែល​ពេល​ខ្លះ​ត្រូវ​លេង​នៅ​តំបន់​បម្រើ​សិន ដើម្បី​ដោះ​ស្រាយ​ស្ថានការណ៍​ហើយ​រក​ឱកាស​ទៅមុខ​បន្ត​ទៀត។ ម៉ាឡេស៊ី​មាន​ខ្សែ​ការពារ​រឹង​មាំ​​ដូច្នេះ​វា​ពិត​មិន​ងាយ​នោះ​ទេ​ដែល​យើង​សម្រុក​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​ម៉ាឡេស៊ី។

ប្រកួត​ទី​២ ​កម្ពុជា​នឹង​ត្រូវ​ហោះហើរ​ទៅ​ទឹក​ដី​ក្រុម​មីយ៉ាន់ម៉ា ដើម្បី​ជួប​ម្ចាស់​ផ្ទះនៅថ្ងៃទី១២ វិច្ឆិកា ​មុន​ប៉ះ​ជាមួយ​ក្រុម​ឡាវ​នៅ​ថ្ងៃ​ទី​២០ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ម្ដង​ទៀត៕