គ្រូបង្វឹកបាល់ទាត់៣រូប ស្ថិតក្នុងបញ្ជីឈ្មោះដណ្តើមពានរង្វាន់ គ្រូបង្វឹកប្រជាប្រិយភាពជាងគេ ប្រចាំឆ្នាំ

កាលពីដើមឆ្នាំ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានដាក់ឈ្មោះគ្រូបង្វឹកជាច្រើននាក់ឱ្យមហាជនបោះឆ្នោតគាំទ្រលើហ្វេសប៊ុករបស់ខ្លួន អស់រយៈពេលកន្លងមក ហើយឈ្មោះគ្រូដែលដណ្តើមបានការគាំទ្រច្រើនជាងគេចំនួន៣នាក់នឹងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ពានរង្វាន់នេះ នឹងប្រកាសលទ្ធផលនៅក្នុងកម្មវិធី CAMBODIAN FOOTBALL AWARD នៅចុងរដូវកាលនេះ។ ជាលទ្ធផលគ្រូបង្វឹក៣នាក់ចុងក្រោយដែលទទួលបានការគាំទ្រច្រើនជាងគេប្រចាំឆ្នាំនេះមានលោក សុក វាសនា គ្រូបង្វឹករបស់ក្រុមអាស៊ីអឺរ៉ុប លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់ក្រុមវិសាខា និងលោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុមបឹងកេត។
ការបោះឆ្នោតជ្រើសរើសបេក្ខភាពគ្រូបង្វឹក «គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ» ដំណាក់កាលចុងក្រោយនេះ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២១ ខែកញ្ញា ដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។ គ្រូបង្វឹកទាំង៣ដែលមានអ្នក Like បានច្រើនជាងគេនៅក្នុងការបោះឆ្នោតលើហ្វេសប៊ុករបស់ CNCC តែម្នាក់គត់នឹងទទួលបានពានរង្វាន់នេះ។
នៅក្នុងព្រឹត្តិការណ៍ «ពានរង្វាន់បាល់ទាត់កម្ពុជាប្រចាំឆ្នាំ (Cambodia Football Award» លើកទី១បានចែកពានរង្វាន់ជាច្រើនដល់ម្ចាស់ជយលាភីដែលពាក់ព័ន្ធ ខណៈលោក មាស ចាន់ណា គ្រូបង្វឹករបស់ក្រុមណាហ្គាវើល គឺជាម្ចាស់ពានរង្វាន់« គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ» នេះ៕