លោក​ Julen Lopetegui គ្រូ​បង្គោល​ក្លឹប​ Sevilla បាន​និយាយ​ទៅ​កាន់​កាសែត​នៅ​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Anthony Martial នឹង​ត្រលប់​ទៅ​កាន់​ក្លឹប​ Manchester United វិញ​ដូច​ការ​រំពឹង​ទុក​ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២។

Anthony Martial
Anthony Martial

លោក​ Lopetegui បាន​និយាយ​ថា​៖” ខ្ញុំ​នឹង​ត្រូវ​ជួយ​ Martial ដើម្បី​ឲ្យ​គេ​រក​ឃើញ​ និង​ទទួល​បាន​ភាព​ខ្លាំង​ឲ្យ​ក្លាយ​ជា​កីឡាករ​ខ្លាំង​ដែល​គេ​មាន​ អញ្ចឹង​ហើយ​គេ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​គេ​ផង​ និង​សម្រប​ទៅ​អ្វី​ដែល​ក្លឹប​យើង​ទាមទារ​ផង​ “។

លោក​បាន​បន្ត​ថា​៖” យ៉ាង​ណា​គេ​នឹង​ចាកចេញ​ពី​ Sevilla នៅ​ចុង​ខែ​មិថុនា​ ខាង​មុខ​ហើយ​ គេ​នឹង​ត្រលប់​ទៅ​កាន់​ Man Utd វិញ​ដូច​ការ​រំពឹង​ទុក​ “។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ Martial មិន​សូវ​ជា​មាន​ម៉ោង​លេង​ច្រើន​នោះ​ទេ​នៅ​ Man Utd ដោយ​សារ​តែ​របួស​ និង​អ្នកចាត់ការ​មិន​ដាក់​ឲ្យ​ចូល​លេង​ លុះ​នៅ​ចុង​ខែ​មករា​ កន្លង​ទៅ​ ខ្សែ​ប្រយុទ្ធ​ក៏​ផ្លាស់​ទៅ​ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ដោយ​ចូល​លេង​បាន​ ៩ប្រកួត​ និង​រក​បាន​១គ្រាប់​ហើយ​ឲ្យ​ក្លឹប​នេះ​៕