លោក Julian Nagelsmann ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​បាន​និយាយ​ត្រង់​ៗ​ថា​នៅ​លើ​លោក​នេះ​មាន​តែ​ក្លឹប FC Barcelona ​មួយ​គត់​ដែល​គ្មាន​ប្រាក់​ទេ ប៉ុន្តែ​ពួកគេ​អាច​ទិញ​កីឡាករ​ដែល​ពួកគេ​ចង់​បាន​បាន។

Julian Nagelsmann
Julian Nagelsmann

​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​វ័យ​៣៣​ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ​ក្រុម Barcelona ​ជា​ផ្លូវការ​ហើយ ​ក្រោយ​ពី​បង្ហាញ​ខ្លួន​លើ​ទីលាន​ជាមួយ​តម្លៃ​ផ្ដាច់​កុងត្រា ៤២,៦​លាន​ផោន។

​ខណៈ​ដែល​នេះ​ជា​កីឡាករ​ថ្មី​ម្នាក់​ទៀត​ដែល​ក្រុម​អ្នក​មាន​បុណ្យ​នាំ​ចូល បន្ទាប់​ពី​ចំណាយ​ប្រាក់​ជាង​៦០​លាន​ផោន​ទិញ​យក Raphinha ​ពី​ក្រុម Leeds United ​មក​បាន​។ ការ​ចំណាយ​ទាំង​ដែល​ក្លឹប​កំពុង​ជំពាក់​បំណុល​ដល់​ជាង​១​ពាន់​លាន​ផោន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​គ្រូ​បង្វឹក Bayern Munich ​ឆ្ងល់​ក្នុង​ចិត្ត​ជា​ខ្លាំង។

​លោក Nagelsmann ​បាន​និយាយ​បែប​នេះ​ថា​៖ “វា​គឺ​ជា​ក្លឹប​តែ​មួយ​គត់​នៅ​លើ​លោក​ដែល​មិន​មាន​លុយ ប៉ុន្តែ​ពួកគេ​ទិញ​កីឡាករ​ទាំង​អស់​ដែល​ពួកគេ​ចង់​បាន​បាន។ ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ធ្វើ​បាន​ដោយ​របៀប​ណា​ទេ។ វា​ពិត​ជា​ចម្លែក វា​ឆ្គួត​បន្ដិច​ហើយ”៕